ភ្នំពេញៈ ជនសង្ស័យ២នាក់ប្ដីប្រពន្ធ តាំងខ្លួនជាគ្រូទាយឆបោកប្រាក់ចំនួន១ម៉ឺន២ពាន់ដុល្លារ សន្យាសង តែមិនសងត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ៧មករាឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងព្រលិត។ ហេតុការណ៍ឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង០៧យប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះសំណាក់ឡាក់គី តាមបណ្ដោយផ្លូវ២១៤(ផ្លូវភ្លោះ)ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនសង្ស័យ២នាក់ប្ដីប្រពន្ធ ទី១ឈ្មោះ គង់ សំអាត ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិសាឡៅ២ ឃុំអន្លងជ្រៃ ស្រុកថាឡាបរិវ៉ាត ខេត្តស្ទឹងត្រែង មានមុខរបរកសិករ(ប្ដី)។ ទី២ឈ្មោះ ឆាយ សុផន ភេទស្រី អាយុ៥៣ឆ្នាំ មានទីលំនៅភូមិសាឡៅ២ ឃុំអន្លងជ្រៃ ស្រុកថាឡាបរិវ៉ាត ខេត្តស្ទឹងត្រែង មានមុខរបរកសិករ (ប្រពន្ធ)។ ចំណែកជនរងគ្រោះមានឈ្មោះ សូឡៃម៉ាន់ អីុប្រហីុម ភេទប្រុស អាយុ៣២ឆ្នាំ បច្ចុប្បន្នស្នាក់នៅ ភូមិត្រពាំងខ្លា ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មុខរបរកសិករ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យ កាលពីអំឡុងឆ្នាំ២០១៥ ខែធ្នូ ជនសង្ស័យ២នាក់ប្ដីប្រពន្ធ បានក្លែងខ្លួនជាគ្រូទាយ ហើយបានទស្សទាយឲ្យជនរងគ្រោះថា ឲ្យលក់អាត្រាក់ទ័រ ដែលជនរងគ្រោះមាននោះចេញទៅទើបរកសីុមានបាន ពេលនោះជនរងគ្រោះ ក៏បានសម្រេចលក់អាត្រាក់ទ័រ បានប្រាក់ចំនួន១ម៉ឺន៤ពាន់ដុល្លារ ពេលនោះជនសង្ស័យ បានប្រាប់ ជនរងគ្រោះថា យកលុយទាំងនោះ មកផ្ញើនិងគាត់ទៅ (ព្រោះជនសង្ស័យនិងជនរងគ្រោះរាប់អានគ្នា ម្ដាយធម៌កូនធម៌) ជនរងគ្រោះក៏បានយកលុយ ដែលលក់បាននោះទៅផ្ញើនិងជនសង្ស័យមែន។
លុះក្រោយមកជនរងគ្រោះ ត្រូវការលុយក៏បានទារយកប្រាក់វិញ តែជនសង្ស័យមិនព្រមសង រួចបាន ព្យាយាមគេចខ្លួន មកស្នាក់នៅផ្ទះសំណាក់ឡាក់គី តាមបណ្ដោយផ្លូវ២១៤(ផ្លូវភ្លោះ)ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ពេលនោះជនរងគ្រោះបានសើុបរកទីកន្លែង ដែលជនសង្ស័យលាក់ខ្លួន ឃើញ។ ពេលនោះ ជនសង្ស័យបានសងទៅជនរងគ្រោះចំនួន២ពាន់ដុល្លាសិន រួចធ្វើកិច្ចសន្យាថា និងសងគ្រប់ចំនួននៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ រហូតដល់ថ្ងៃក្នុងកិច្ចសន្យា ជនសង្ស័យនៅតែ មិនព្រមសង ជនរងគ្រោះក៏បានដាក់ពាក្យបណ្ដឹងមកប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងព្រលិត ដើម្បីនាំខ្លួន មកសាកសួរ។
សូមបញ្ជាក់ផងដែរ ក្រោយពេលសាកសួររួច ជនសង្ស័យ២នាក់ប្ដីប្រពន្ធ បានសារភាពថា ខ្លួនពិតជា បានយកប្រាក់ពីជនរងគ្រោះពិតប្រាកដមែន។ អ្វីដែលកត់សំគាល់ទៀតនោះគឺជនសង្ស័យ២នាក់ប្ដីប្រពន្ធ បានដើរឆបោកគ្រប់ទីកកន្លែង តាមបណ្ដាលខេត្ត។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានកម្លាំងនគរបាលនាំមកឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់