នៅក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយនៅយប់ថ្ងៃសៅរ៍ទី ២៨សីហា លោកប្រធានាធិបតីអាមេរិក ចូបៃដិន បានបញ្ជាក់ថា ប្រតិបត្តិការវាយប្រហារដោយប្រើដ្រូនសម្លាប់អ្នកទទួលខុសត្រូវអង្គការរដ្ឋអ៊ីស្លាមនៅអាហ្វហ្កានីស្ថានចំនួនពីរនាក់ កាលពីថ្ងៃសុក្រ មិនមែនជាប្រតិបត្តិចុងក្រោយឡើយ។ អាមេរិកនឹងបន្តតាមកម្ចាត់ជនមានពាក់ព័ន្ធនិងប៉ុនប៉ងធ្វើភេរវកម្មសម្លាប់ជនស៊ីវិលស្លូតត្រង់ នៅកាប៊ុល។ ប៉ុន្តែស្ថានភាពនៅក្រុងកាប៊ុលកំពុងប្រឈមនឹងគ្រោះថ្នាក់និងការគំរាមកំហែងភេរវកម្មខ្ពស់បំផុត។ លោកប្រធានាធិបតីបានព្រមានអំពីគ្រោះរងការវាយប្រហារភេរវកម្មនៅតំបន់អាកាសយានដ្ឋានក្រុងកាប៊ុល ក្នុងរវាង២៤ទៅ៣៦ម៉ោង ត្រូវជាថ្ងៃអាទិត្យ និងថ្ងៃចន្ទស្អែក ដែលជាថ្ងៃចុងក្រោយបង្អស់ មុននឹងកងទ័ពអាមេរិកត្រូវដកចេញអស់ទាំងស្រុងពីអាហ្វហ្កានីស្ថាន។
អាមេរិកក៏ទើបតែបង្ហាញអត្តសញ្ញាណទាហានអាមេរិកទាំង១៣នាក់ ដែលបានស្លាប់ក្នុងភេរវកម្មកាលពីថ្ងៃព្រហស្បតិ៍។ ក្នុងចំណោមនោះមាន៥នាក់ទើបតែអាយុ២០ឆ្នាំ ពោលគឺពួកគេបានកើតនៅឆ្នាំ២០០១ ឆ្នាំដែលអាមេរិកចូលធ្វើសង្គ្រាមបណ្តេញពួកតាលីបង់នៅអាហ្វហ្កានីស្ថាន និងបានស្លាប់នៅពេលអាមេរិកដកកងទ័ពចេញ ពេលពួកតាលីបង់វិលមកកាន់អំណាចវិញ។
តាមគម្រោងអាមេរិកត្រូវដកកងទ័ពនិងបញ្ឈប់រាល់គ្រប់សកម្មភាពជម្លៀសនៅអាកាសយានដ្ឋាក្រុងកាប៊ុល ត្រឹមថ្ងៃអង្គារទី ៣១សីហា។ អាកាសយានដ្ឋានក្រុងកាប៊ុលដែលជាទីតាំងតែម្តុំគត់ស្ថិតក្រោមការគ្រប់គ្រង់របស់អាមេរិកនេះ ក៏កំពុងសម្ពាធ និងច្រិបយកដោយពួកតាលីបង់ជាបណ្តើរៗហើយ។ តាលីបង់បានព័ទ្ធ គ្រប់ច្រក និងផ្លូវមកកាន់អាកាសយានដ្ឋាន ដោយបើកឱ្យតែឡានដែលមានបណ្ណអនុញ្ញាតចូលប៉ុណ្ណោះ។ មេបញ្ជាការរបស់ពួកតាលីបង់ បានប្រកាសថានឹងកាន់កាប់ អាកាសយានដ្ឋានទាំងមូលក្នុងពេលឆាប់ៗ។ ប៉ុន្តែដោយហេតុពួកតាលីបង់គ្មានអ្នកបើកបរយន្តហោះ គ្មានអ្នកត្រួតពិនិត្យផ្លូវអាកាស តាលីបង់កំពុងចរចាជាមួយតួកគី និងកាតា ដើម្បីសុំជំនួយឃុំគ្រងអាកាសយានដ្ឋាន ដោយតាលីបង់ជាអ្នកធានាការពារសន្តិសុខ ឯតួកគីជាអ្នកគ្រប់គ្រងកិច្ចការរដ្ឋបាល៕
មតិយោបល់