ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សាលាហ្សាម៉ាន់ ប្រឈមនឹងការបិទអាជីវកម្ម ក្រោយទូតតួកគី ស្នើដល់កម្ពុជា

ភ្នំពេញ: សាលាហ្សាម៉ាន់ ដែលបង្កើតឡើងនៅកម្ពុជា តាំងពីឆ្នាំ១៩៩៧ ដោយអតីតអ្នកកាសែតសញ្ជាតិតួកគី ដែលគេស្គាល់ច្បាស់ថា ជាសមាជិកនៃចលនាលោក ហ្វេទុឡា ហ្គូឡេន (Fethullah Gulen)នោះ ត្រូវបានចោទប្រកាន់ថា បានជាប់ពាក់ព័ន្ធការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលតួកគី កាលពីខែកក្កដា កន្លងទៅ។ ជាថ្មីម្ដងទៀត រដ្ឋាភិបាលតួកគី តាមរយ:ឯកអគ្គរដ្ឋទូតរបស់ខ្លួន បានស្នើដល់រដ្ឋាភិបាលកម្ពុជា ឲ្យបិទអាជីវកម្មរបស់ក្រុមហ៊ុនហ្សាម៉ាន់ នៅក្នុងប្រទេសកម្ពុជា ទាំងស្រុងតែម្ដង។

សំណើសាជាថ្មីនេះ បានធ្វើឡើងក្នុងឱកាសលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុញាតឲ្យលោក Ilhan Kemal Tug ឯកអគ្គរដ្ឋទូតតួកគី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួង។

បើតាមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ថ្លែងប្រាប់អ្នកយកព័ត៌មាននៅក្រោយជំនួបនោះថា លោក Ilhan Kemal Tug បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា បិទសាលាហ្សាម៉ាន់នេះ។ តែទោះជាយ៉ាងណា លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន មិនទាន់ឆ្លើយតបយ៉ាងណានៅឡើយទេ ដោយរង់ចាំយកការងារនេះទៅពិភាក្សាជាមួយមន្រ្តី និងក្រសួងពាក់ព័ន្ធជាមុនសិន។ លោកថា សាលាហ្សាម៉ាន់ គឺជាសាលាឯកជននៅមួយនៅកម្ពុជា ដែលមានថ្នាក់ដឹកនាំជាជនជាតិតួកគី។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់បានបញ្ជាក់ថា សាលាហ្សាម៉ាន់ ជាសាលាដែលបានធ្វើការបណ្តុះបណ្តាលល្អមួយនៅក្នុងប្រទេសកម្ពុជា។ ថ្នាក់ដឹកនាំសាលាហ្សាម៉ាន់ ក៏ធ្លាប់បានបញ្ជាក់ផងដែរថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលតួកគី នោះឡើយ។

ជុំវិញការចោទប្រកាន់ចំពោះការធ្វើរដ្ឋប្រហារនេះដែរ ប្រធានក្រុមហ៊ុនហ្សាម៉ាន់ លោក អេចដឺ គីលីក (Ejder Kilic) បានចេញសេចក្តីថ្លែងការណ៍ កាលពីខែកក្កដាកន្លងទៅ ដោយសម្ដែងការសោកស្តាយចំពោះការចោទប្រកាន់សាលាហ្សាម៉ាន់ថា ជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅប្រទេសទួរគី កាលពីថ្ងៃទី១៥ ខែកក្កដា។ សេចក្តីថ្លែងការណ៍ បានចាត់ទុកថា នេះជាការចោទប្រកាន់របស់ឯកអគ្គរដ្ឋទូតតួកគី នៅកម្ពុជា គឺគ្មានមូលដ្ឋានច្បាស់លាស់ ហើយមានបំណងបង្ខូចកេរ្តិ៍ឈ្មោះក្រុមហ៊ុន។ ក្រុមហ៊ុនហ្សាម៉ាន់ បានទាមទារឲ្យឯកអគ្គរដ្ឋទូត បង្ហាញភស្តុតាង ឬសេចក្តីសម្រេចណាមួយរបស់តុលាការ ដើម្បីបញ្ជាក់ការចោទប្រកាន់។

លោក អេចដឺ គីលីក (Ejder Kilic) បញ្ជាក់ថា ថ្វីត្បិតតែសាលាហ្សាម៉ាន់ បង្កើតឡើងដោយយោងតាមទស្សន:របស់លោក ហ្វេទុឡា ហ្គូឡិន (Fethullah Gulen) តែលោក ហ្គូឡិន មិនធ្លាប់ផ្តល់ការសម្រេចចិត្ត ឬចូលរួមក្នុងដំណើរការសាលានេះទេ ឬអាចនិយាយបានថា ទំនាក់ទំនងរវាងលោក ហ្គូឡិន និងសាលា គឺមានត្រឹមតែទស្សន:ប៉ុណ្ណោះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅនេះ កងកម្លាំងយោធាមួយក្រុមបានធ្វើរដ្ឋប្រហារក្នុងបំណងទម្លាក់ប្រធានាធិបតី អេដូហ្គាន់ (Erdogan) តែការរដ្ឋប្រហារនេះ បានទទួលបរាជ័យទៅវិញ ដោយការវាយប្រហារតប និងទប់ស្កាត់ពីកងកម្លាំងរបស់រដ្ឋាភិបាល។ រដ្ឋាភិបាលតួកគី បានចោទប្រកាន់មេចលនាសាសនា លោក ហ្វេទុឡា ហ្គូឡិន (Fethullah Gulen) ដែលកំពុងរស់នៅអាមេរិកថា ជាអ្នកនៅពីក្រោយខ្នងនៃរដ្ឋប្រហារ។ កងកម្លាំងយោធា និងគ្រូបង្រៀនជាច្រើននាក់ នៅក្នុងប្រទេសតួកគី ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ក្រោយការចោទប្រកាន់ថា ពួកគេជាប់ពាក់ព័ន្ធការធ្វើការរដ្ឋប្រហារ។

ក្នុងជំនួបសំណេះសំណាលនាព្រឹកមិញនេះដែរ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានប្រកាសប្រឆាំងផងដែរ ចំពោះការធ្វើការរដ្ឋប្រហារ។ ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តី និងឯកអគ្គរដ្ឋទូតតួកគី ក៏បានពិភាក្សាពីការពង្រឹង និងពង្រីកទំនាក់ទំនងប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរថែមទៀត៕

photo_2016-08-22_12-46-26

photo_2016-08-22_12-46-30

img0071-28-08-2012--11-24-56

មតិយោបល់