ហ្វីលីពីនៈ ទើបតែរយៈពេលជាងពីរខែសោះ សម្រាប់ការទ្បើងកាន់តំណែង ជាប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ធ្វើឲ្យមានការកត់សម្គាល់ខ្ពស់ ពីសហគមន៍អាជីវកម្ម លើគោលនយោបាយ ដែលអាចជួយជំរុញកំណើនសេដ្ឋកិច្ច និងមានបណ្ដាលក្រុមហ៊ុនជាច្រើន កំពុងធ្វើការវិនិយោគថ្មី។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦។
ខណៈដែលលោក Duterte ត្រូវបានគេស្គាល់ថា ជាតួឯកនៃសង្រ្គាមបង្ហូរឈាមប្រឆាំងឈ្មួញគ្រឿងញៀន និងអ្នកប្រើប្រាស់ផងនោះ លោកក៏ជាតួអង្គម្នាក់សកម្ម និងទទួលបានជោគជ័យលើផ្នែកសេដ្ឋកិច្ចមួយដែរ ក្នុងតំបន់អាស៊ី។
កាលពីសប្តាហ៍មុនរដ្ឋាភិបាល បានប្រកាសថា សេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីន បានកើនឡើង ៧ ភាគរយ នៅត្រីមាសទីពីរនេះ បើធៀបនឹងឆ្នាំមុន ដែលជាកម្រិតខ្ពស់បំផុតរបស់ខ្លួន នៅក្នុងរយៈពេលបីឆ្នាំ ដែលនេះជាតួលេខនៃការរីកចម្រើនលឿនបំផុត របស់ប្រទេសហ្វីលីពីន ក្នុងចំណោមបណ្ដាលប្រទេស ទាំងអស់ សម្រាប់របាយការណ៍ត្រីមាសទីពីរនេះ។
គួរបញ្ជាក់ដែរថា បើតាមតួលេខរបស់ប៉ូលិស ដែលកត់ត្រាទុកក្នុងប្រទេស បានឲ្យដឹងថា ចំនួនមនុស្សស្លាប់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន បានកើនទ្បើងដល់ ១.៨០០នាក់ហើយ ចាប់តាំងពីប្រធានាធិបតីថ្មី លោក Rodrigo Duterte ទ្បើងកាន់តំណែងរយៈពេលប្រាំពីរសប្តាហ៍កន្លងទៅ បន្ទាប់ពីលោកអនុវត្តសន្យា ក្រោយជាប់ឆ្នោតនឹងបើកដំណើរការ សង្គ្រាមបង្ហូរឈាមប្រឆាំងនឹងថ្នាំញៀន៕
មតិយោបល់