ព័ត៌មានអន្តរជាតិ

ពួកប៉ាឡេស្ទីនជាង ១០០ នាក់បានរងរបួស បន្ទាន់ពីការប៉ះទង្គិចគ្នាជាមួយប៉ូសិសអ៊ីស្រាអែល នៅព្រះវិហារ al-Aqsa

ប៉ាឡេស្ទីនៈ ជនជាតិប៉ាឡេស្ទីនជាង ១០០ នាក់ ត្រូវបានរងរបួស បន្ទាប់ពីការប៉ះទង្គិចគ្នាជាលើកដំបូង រយៈពេលជិតពីរសប្ដាហ៍ នៅពេលកងកម្លាំងអ៊ីស្រាអែល បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក, គប់គ្រាប់បែកដៃ និងគ្រាប់បែកសំទ្បេង ទៅលើហ្វូងអ្នកគោរពបូជា ដែលបានត្រឡប់មកកាន់បរិវេណវិហារអ៊ីស្លាម al-Aqsa សារជាថ្មីរបស់ទីក្រុងយេរូសាឡិម។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧។

ហេតុការណ៍នេះ បានកើតទ្បើងនៅពេលបុរស និងស្ត្រីរាប់ពាន់នាក់ បានធ្វើដំណើរទៅអធិស្ឋាននៅវិហារអ៊ីស្លាម al-Aqsa ជាថ្មីម្តងទៀត កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីប៉ូលិសអ៊ីស្រាអែល បានដកឧបករណ៍ឃ្លាំមើល និងឧបសគ្គផ្សេងៗទៀត ចេញពីច្រកទ្វារឆ្ពោះទៅកាន់ទីនោះ។

សូមជំរាបថា កាលពីយប់ថ្ងៃព្រហស្បតិ៍ ពួកប៉ាឡេស្ទីនរាប់សិបនាក់ ដែលបានសម្រាកនៅខាងក្នុងវិហារ ត្រូវបានឡោមព័ទ្ធ ដោយកងកម្លាំងអ៊ីស្រាអែល ជាមួយនឹងការកាត់ផ្តាច់ប្រព័ន្ធអគ្គីសនី ដើម្បីបង្ខំឲ្យពួកគេចេញក្រៅបរិវេណព្រះវិហារ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រទេសហ្ស៊កដានី​ ដែល​មាន​សិទ្ធិ​ជា​អ្នក​ថែរក្សា​ព្រះវិហារ​នោះ បាន​ថ្កោលទោស​ការ​វាយឆ្មក់ ដោយ​ក្រុម​ប៉ូលិស​អ៊ីស្រាអែល ​និង​បាន​ចោទប្រកាន់​រដ្ឋ​ជ្វីព​នោះ​ថា​ «បាន​បង្ក​រឿង និង​​ប៉ុនប៉ងកែប្រែ​ស្ថានភាព​ដែល​មាន​ជា​ធម្មតា​» នៅ​កន្លែង​ពិសិដ្ឋ​មួយនោះ។

តាម​រយៈព្រំដែន​ខាង​ផ្លូវ​ច្បាប់​បច្ចុប្បន្ន​ទីនោះ​ ក្រុម​ជនអំបូរជ្វីព​អាច​ទៅ​ទស្សនា​ទី​នោះ​បាន​ ក៏​ប៉ុន្តែ​មិន​អាច​សូត្រធម៌​នៅ​ទីនោះ​បាន​ទេ​ ពី​ព្រោះ​មានការ​ព្រួយបារម្ភ​ថា ​ការធ្វើដូច្នេះ​អាច​បង្កើត​ឲ្យ​មាន​ការរង្កៀសចិត្ត​ពី​ពួកអ្នកគោរព​សាសនាឥស្លាម។​

គួរបញ្ជាក់ដែរថា ក្រុម​ជន​អំបូរជ្វីព​បានគោរព​កន្លែង​នេះ​ថា​ជា​ Temple Mount ហើយ​ចាត់ទុក​ទី​នោះ​ថា ជា​កន្លែង​ពិសិដ្ឋ​បំផុត​របស់​ពួក​គេ។ ចំណែកឯក្រុម​អ្នក​កាន់​សានា​ឥស្លាមវិញ​ បាន​ហៅ​កន្លែងនោះ​ថា​ជា​ Noble Sanctuary ហើយ​គោរព​កន្លែង​នោះ​ថា​ជា​កន្លែងពិសិដ្ឋ​ទី​បី​របស់​ពួក​គេបន្ទាប់​ពីក្រុង​ Mecca និង​ក្រុង​ Medina ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត៕

មតិយោបល់