កោះកុងៈ បើយើងធ្វើដំណើរទៅកាន់ព្រំដែនកម្ពុជា-ថៃ តាមច្រកអន្តរជាតិចាំយាមខេត្តកោះកុងនោះ យើងពិតជាបានឃើញមុនគេនៅទង់ជាតិខ្មែរ-ថៃ ដាក់ដោតនៅសួនដ៏ស្អាតជាប់ព្រំដែនប្រទេសទាំងពីរនោះ គឺទង់ជាតិខ្មែរយើងមានសភាពរហែករយ៉ៃយ៉ាងខ្លាំង ឯទង់ជាតិថៃវិញមានលក្ខណៈល្អប្រសើរជាង។
តាមសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋ ដែលចេញចូលតាមច្រកអន្តរជាតិចាំយាមបានប្រាប់មកអង្គភាពព័ត៌មាន Post News ឲ្យដឹងថា មន្ត្រីគ្រប់ស្ថាប័ននៅច្រកអន្តរជាតិចាំយាមនេះ ពុំសូវយកចិត្តទុកដាក់រឿងសណ្តាប់ធ្នាប់របៀបរៀបរយ និងការសម្អាតអនាម័យនៅតំបន់នោះទេ ហើយជាពិសេស សូម្បីតែទង់ជាតិខ្មែរ ដែលដាក់ទន្ទឹមនិងទង់ជាតិរបស់ថៃនោះ ត្រូវខ្យល់បក់បោករហែករយ៉ៃជាយូរមកហើយ តែអស់លោកមន្ត្រីនៅទីនោះ មិនបានយកភ្នែកមើលទេ ចង់រហែកអីរហែកទៅ សំខាន់រឿងខិតខំប្រមូលសេដ្ឋកិច្ចចូលហោប៉ៅ។
សេចក្តីរាយការណ៍បានប្រាប់ថា រឿងរ៉ាវទង់ជាតិខ្មែរ ដែលរហែករយ៉ៃនេះ មិនមែនមន្ត្រីនៅទីនោះមើលមិនឃើញនោះទេ គឺពួកគាត់ប្រចាំគ្នា មើលបំណាំគ្នា ដោយសារនៅទីនោះមានច្រើនអង្គភាព។ តែបើនិយាយពីចំណូលលុយកាក់វិញ គឺហូរចូលដូចបាក់ទំនប់អ៊ីចឹង ដោយបានពីភ្ញៀវទេសចរណ៍ ពីក្រុមឈ្មួញធំៗនាំទំនិញចូលបង់ពន្ធមិនគ្រប់ និងពីទំនិញគេចពន្ធគ្រប់សារពើជាដើម។
បើគេក្រឡេកទៅមើលខាងភាគីថៃឯណោះវិញ ព្រំដែនរបស់គេមើលទៅស្អាត មានរបៀបរៀបរយ អនាម័យស្អាតល្អ មើលទៅគួរឲ្យខ្មាសគេណាស់!!៕
មតិយោបល់