ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

តួកគីប្តេជ្ញាកម្ទេចក្រុមឧទ្ទាម IS គ្រប់មធ្យោបាយទាំងអស់

តួកគី: រដ្ឋមន្រ្តីការបរទេសតួកគី លោក Mevlut Cavusoglu បានឱ្យដឹងកាលពីថ្ងៃអង្គារថា តួកគីត្រៀមខ្លួនជាស្រេចក្នុងការផ្តល់នូវការគាំទ្រគ្រប់បែបយ៉ាងសម្រាប់ប្រតិបត្ដិការយោធាប្រឆាំងនឹងរដ្ឋអ៊ិស្លាម (IS) នៅក្នុងក្រុង Jarablus ប្រទេសស៊ីរី ។

យោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ០១៦បានឲ្យដឹងថា លោក Cavusoglu និយាយថា តួគីមិនចង់ឲ្យមានក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរីទេ ហើយ ប្រទេសតួកគីនឹងផ្តល់នូវវិភាគទានទាំងអស់ដើម្បីសម្អាតអង្គការភេរវករពីប្រទេសជិតខាង។ លោកថ្លែងដូច្នេះនៅក្នុងសន្និសីទកាសែតរួមគ្នាជាមួយសមភាគីប្រទេសហុងគ្រី លោក Peter Szijjarto នៅក្នុងទីក្រុងអង់ការ៉ា។

រដ្ឋមន្រ្តីក្រសួងការបរទេសប្រទេសតួកគីបាននិយាយថា «យើងបានផ្តល់ការគាំទ្រភស្តុភារគ្រប់ប្រភេទសម្រាប់ប្រទេសក្រុមចម្រុះ ហើយយើងបានចូលរួមយ៉ាងសកម្មនៅក្នុងការប្រយុទ្ធប្រឆាំងនឹង IS នេះ»។

លោកបានបន្ថែមថា «យើងបានសម្លាប់ក្រុមភេរវកម្ម ជាង៦៥០នាក់ នៅក្នុងជំរំ Bashiqa (ភាគខាងជើងប្រទេសអ៊ីរ៉ាក់) តែមួយកន្លែងគត់ ដោយប្រើកាំភ្លើងធំ»។

កាលពីព្រឹកថ្ងៃច័ន្ទលោកបាននិយាយថា ពួកសកម្មប្រយុទ្ធ IS ត្រូវតែបណ្តេញចេញទាំងស្រុងពីតំបន់ព្រំដែនស៊ីរី ចំពេលមានរបាយការណ៍បង្ហាញថាពួកឧទ្ទាមស៊ីរីត្រូវបានគេរៀបចំបើកការវាយប្រហារដណ្តើមយកក្រុង  Jarablus ដែលជាទីក្រុង សំខាន់ចុងក្រោយនេះបានកាន់កាប់ដោយក្រុមជីហាដនិយមនៅលើព្រំដែនជាមួយប្រទេសតួកគីនោះ៕

fft99_mf7083644

មតិយោបល់