ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ព្រមានកូរ៉េខាងជើងកុំឲ្យបង្កហេតុ បង្កើនភាពតានតឹងនៅលើឧបទ្វីបកូរ៉េ

កូរ៉េៈ ប្រធានាធិបតីស្តីទីរបស់កូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ បានព្រមានថា សកម្មភាពបង្កហេតុដោយកូរ៉េខាងជើង នឹងបង្កើនការព្រួយបារម្ភ អំពីភាពតានតឹងកាន់តែខ្លាំងទ្បើងនៅលើឧបទ្វីបកូរ៉េ ខណៈដែលក្រុងកូរ៉េព្យុងយ៉ាង អាចនឹងធ្វើតេស្តមីស៊ីល ជាផ្នែកមួយនៃយោធារបស់ខ្លួន នៅថ្ងៃខាងមុខ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៧។

នាវាផ្ទុកយន្តហោះ ដើរដោយថាមពលនុយក្លេអ៊ែរ បានដឹកក្រុមកងទ័ពវាយប្រហារជើងទឹកអាមេរិក ធ្វើដំណើរឆ្ពោះមកកាន់ភាគខាងលិចតំបន់ប៉ាស៊ីហ្វិក ដែលនៅជិតឧបទ្វីបកូរ៉េ បន្ទាប់ពីមានការព្រួយបារម្ភកើនឡើង អំពីកម្មវិធីអាវុធរបស់កូរ៉េខាងជើង ស្របពេលដែលយោធាអាមេរិក ទើបបើកការបាញ់ប្រហារមីស៊ីលជាច្រើនគ្រាប់ របស់ខ្លួនចូលមូលដ្ឋានអាកាសប្រទេសស៊ីរី កាលពីចុងសប្តាហ៍មុន។

ប្រធានាធិបតីស្តីទីលោក Hwang Kyo-ahn បានបញ្ជាឲ្យយោធាពង្រឹងការត្រួតពិនិត្យ ចំពោះសកម្មភាពកូរ៉េខាងជើង ដើម្បីធានាឲ្យបាននូវទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន គឺសហរដ្ឋអាមេរិក។

លោកបានបន្តថា « ក្រុងព្យុងយ៉ាង អាចនឹងបង្កហេតុ ជាមួយការធ្វើតេស្តនុយក្លេអ៊ែរមួយ ដែលបានកំណត់ពេល នៅថ្ងៃបុណ្យខួបស្ថាបនិក​រដ្ឋ​កុម្មុយនីស្តនេះ»។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រុមមន្ត្រីកូរ៉េខាងជើង រួមទាំងមេដឹកនាំលោក គីម ជុងអ៊ុន ក៏ធ្លាប់បានចង្អុលបង្ហាញម្តង ហើយម្តងទៀត នូវការធ្វើតេស្តមីស៊ីលឆ្លងទ្វីបមួយ ដែល​អាច​បាញ់​សាក​ល្បង​ជា​ថ្មី​ម្ដង​ទៀត​ នៅ​ថ្ងៃ​ទី​១៥ ខែ​មេសា​នេះ ចំ​ខួប ១០៥​ឆ្នាំ​នៃ​ស្ថាបនិក​រដ្ឋ​កុម្មុយនីស្ត ដែលក្រុងព្យុងយ៉ាងបានប្រារព្ធពិធីធ្វើវាជារៀងរាល់ឆ្នាំ៕

មតិយោបល់