សៀមរាប:សត្វឈ្លូសមួយក្បាល ដែលអ្នកទេសចរណ៍ជាតិ និងអន្តរជាតិ បានប្រទះឃើញកំពុងរត់នៅក្បែខ្លោងទ្វារទន្លេអុំ ត្រូវបានគេវាយសម្លាប់ ដោយបន្សល់តែសាកសពតែប៉ុណ្ណោះ។
ការធ្វេសប្រហែសនេះ ធ្វើឲ្យក្រុមបណ្តាញហ្វេសបុក និងមហាជនធ្វើការរិះគន់ ទៅនឹងភាពកំសោយក្នុងការការពារសត្វព្រៃរបស់អាជ្ញាធរ ដែលគ្រប់គ្រងក្នុងតំបន់នោះថា សូម្បីសត្វព្រៃរត់នៅក្នុងស្រុកប៉ុណ្ណឹង ការពារមិនបានផង ចុះទម្រាំសត្វនៅក្នុងព្ រៃតើអាចការពារបានយ៉ាងណាទៅ។
ក្រុមបណ្តាញសង្គម បានលើកឡើងទៀតថា គេកត់សម្គាល់ថា នៅក្រុងសៀមរាប មានភោជនីយដ្ឋានមួយចំនួនបានលក់សាច់ សត្វ ព្រៃយ៉ាងចំហរតែអាជ្ញាធរ និងជំនាញពាក់ព័ន្ធ ហាក់មិនយកចិត្ត ទុកដាក់ បង្ក្រាប ទប់ស្កាត់ ឲ្យបានតឹង រឹង ដើម្បីសង្គ្រោះ សត្វដែល កំពុងតែ ទទួល ការគំរាមកំហែងពីឈ្មួញទុច្ចរិតទាំងនោះឡើយ។
ក្រុមបណ្តាញសង្គម បានលើកឡើងបន្តទៀតថា ខណៈពេលដែលមានការកាប់បំផ្លាញ ព្រៃឈើគ្រប់ទិសទី ស្ទើរក្លាយជា វាលរហោស្ថាន ជាពិសេស ការកាប់បំផ្លាញព្រៃឈើ យ៉ាងរង្គាល នៅលើខ្នងភ្នំគូលែន យ៉ាងធ្ងន់ធ្ងរនោះ សត្វព្រៃមួយចំនួនអាចនាំគ្នារត់រកជំរកថ្មី តែត្រង់ថា ជំរកថ្មីនោះមានសុវត្ថិភាព ឬយ៉ាងណានោះគឺគ្មាននរណាដឹងនោះទេព្រោះគ្មានអ្នកទទួលខុសត្រូវ ដោយនិយាយ ដោះសារយករួចខ្លួនរៀងៗខ្លួនតែប៉ុណ្ណោះ។
នៅព្រឹកថ្ងៃទី២៣ ខែមេសានេះ មន្ត្រីបរិស្ថានខេត្ត បានឲ្យដឹងថា អ្នកសម្លាប់សត្វឈ្លូសខាងលើនោះត្រូវបានដោះលែងទៅវិញហើយដោយសារគាត់នៅក្មេងពេកហើយមានមេភូមិមកធានានិងបាន អប់រំឲ្យត្រលប់ទៅផ្ទះវិញហើយ។ មន្ត្រីដដែលបន្តថា សត្វឈ្លូសនោះត្រូវក្មេងម្នាក់ វាយសម្លាប់កាលពីម្សិលម៉ិញ ។ បច្ចុប្បន្នសត្វឈ្លូសនេះ កំពុងរក្សាទុកនៅស្នាក់ការបរិស្ថានអង្គរ។
ជុំវិញ ការលើកឡើងខាងលើនេះ អាចបញ្ជាក់ឲ្យឃើញថា ដោយសារអាកាសធាតុក្តៅពេក និងព្រៃឈើ ក្នុងខេត្តសៀមរាប រងការបំផ្លិចបំផ្លាញទើបហ្វូងសត្វព្រៃផ្សេងៗ រត់កន្លែងមានទឹក និងកន្លែងមានសុវត្ថិភាព តែជាអកុសលសម្រាប់សត្វ ឈ្លូសមួយក្បាលនេះរត់រកគេជួយមិនបានសម្រេចត្រូវគេផ្តាច់ជីវិតដដែល៕
មតិយោបល់