ម៉ាឡេស៊ី: ប្រទេសម៉ាឡេស៊ីបានផ្តល់ជំនួយដល់ឥណ្ឌូនេស៊ី ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃ ដែលពោរពេញទៅដោយផ្សែងភ្លើងពេញផ្ទៃមេឃ តាមរយៈការបញ្ជូនយន្តហោះចំនួនពីរគ្រឿង និងកងកម្លាំងពលកម្ម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី២៦ សីហា ឆ្នាំ២០១៦។
រដ្ឋមន្ត្រីនៅក្នុងនាយកដ្ឋានរបស់លោកនាយករដ្ឋមន្រ្តី Shahidan Kassim បានឱ្យដឹងថា យន្តហោះប្រភេទ Bombardier CL415 ចំនួនពីរគ្រឿង វាមានសមត្ថភាពក្នុងការដឹកជញ្ជូនទឹករហូតដល់ទៅ ៦០០០លីត្រ ហើយលោកត្រៀមខ្លួនជាស្រេចដែលនឹងត្រូវបញ្ជូនយន្តហោះទាំងនេះទៅកាន់ប្រទេសឥណ្ឌូនេស៊ី នៅពេលដែលមានសំណើជាផ្លូវការពីរដ្ឋាភិបាលទីក្រុងហ្សាកាតា។
លោកបានសង្កត់ធ្ងន់ថា «យើងមានការត្រៀមខ្លួនជាស្រេច ដើម្បីជួយប្រទេសឥណ្ឌូនេស៊ី ប៉ុន្តែមិនទាន់មានសំណើជាផ្លូវការនៅឡើយទេ។ រីឯយន្តហោះពីរគ្រឿងប្រភេទ Bombardier បានត្រៀមខ្លួនជាស្រេច ក្នុងការបញ្ជូនទៅកាន់ទីនោះ ហើយយើងត្រូវតែជួយអ្នកជិតខាងរបស់យើង។ ការផ្តល់ជូននេះ ដោយសារតែភ្លើងឆេះព្រៃមានការកើនឡើងខ្ពស់ នៅភាគខាងត្បូងខេត្តកាលីម៉ាន់តាន់ និងកោះស៊ូម៉ាត្រា»៕
មតិយោបល់