ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មន្រ្តីប៉ូលិស ១០០០ នាក់ ត្រូវបានដាក់ពង្រាយ ដើម្បីការពារសន្តិសុខ អំទ្បុងពេលពិភាក្សា​ដេញ​ដោល​​គ្នា​ រវាងបេក្ខភាពប្រធានាធិបតីអាមេរិកទាំងពីរ

អាមេរិកៈ ការជជែកពិភាក្សាគ្នារបស់បេក្ខភាពប្រធានាធិបតីអាមេរិកជាលើកដំបូង ត្រូវបានរៀបចំទ្បើង រយៈពេល ៩០ នាទីនៅថ្ងៃអង្គារនេះ រវាងលោក Donald Trump បេក្ខភាពប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋ ដែលគេស្គាល់ថា ជាមហាសេដ្ឋីអចលនទ្រព្យ និងលោកស្រី Hillary Clinton បេក្ខភាពប្រធានាធិបតីអាមេរិកខាងគណបក្សប្រជាធិបតេយ្យ ដែលជាអតីតរដ្ឋមន្ត្រីការបរទេស។ នេះបើយោងតាមរយៈ សារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០១៦។

បេក្ខភាពទាំងពីរនាក់នេះ មានការប្រកួតប្រជែងប្រកិតគ្នាណាស់នៅទូទាំងសហរដ្ឋអាមេរិក ដោយការស្ទង់មតិនយោបាយបង្ហាញថា លោកស្រី Clinton នាំមុខលោក Trump តែបន្តិចប៉ុណ្ណោះ។

ក្នុងកិច្ចពិភាក្សាដេញដោលគ្នារវាងលោក Trump និងលោកស្រី Clinton ត្រូវបានគេដឹងថា មានវត្តមានមន្រ្តីប៉ូលិស ១០០០ នាក់ បានដាក់ពង្រាយនៅទីនោះ ដើម្បីពង្រឹកការពារសន្តិសុខ អំទ្បុងពេលពិភាក្សាដេញដោលគ្នា របស់បេក្ខភាពប្រធានាធិបតីអាមេរិកទាំងពីរនាក់។

ការជជែកដេញដោលគ្នានេះ នឹងប្រព្រឹត្តទៅនៅឯសាកលវិទ្យាល័យ Hofstra នៅខាងក្រៅបូរីញូវយ៉ក ដែលក៏នឹងមានធ្វើក្នុងពេល៦សប្តាហ៍មុនការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅថ្ងៃទី៨ខែវិច្ឆិកាខាងមុខនេះផងដែរ។

គួរបញ្ជាក់ដែរថា ពលរដ្ឋអាមេរិករាប់លាននាក់ នឹងបើកទូរទស្សន៍មើលការជជែកដេញដោលគ្នានេះ ដែលវាជាលើកដំបូងអាចឲ្យពួកគេមើលឃើញបេក្ខភាពទាំងពីរនាក់នេះ នៅទល់មុខគ្នានៅលើវេទិកាតែមួយ និងថែមទាំងអាចឲ្យពួកគេធ្វើការវិនិច្ឆ័យអំពីគោលជំហររបស់បេក្ខភាពទាំងពីរនាក់ ពាក់ព័ន្ធនឹងបញ្ហាសំខាន់ៗ ដែលអាមេរិកកំពុងប្រឈមនាពេលបច្ចុប្បន្ន៕

1000-police-officers-high-security-efforts-for-us-presidential-debate

មតិយោបល់