ព័ត៌មានជាតិ

កាមរីឆ្លាមព្រលះគោយន្ដកន្ដ្រៃ ក្រឡាប់ធ្លាក់ផ្លូវ រងរបួស២នាក់

បន្ទាយមានជ័យ: រថយន្តកាមរីឆ្លាមមួយគ្រឿង បើកបរក្នុងទិសដៅស្របគ្នា ជ្រុលបុកគោយន្តកន្ត្រៃពីចំហៀងខាងឆ្វេងពេញទំហឹង បណ្តាលឲ្យរថយន្ត និងគោយន្ត បានខ្ទាតក្រឡាប់ ធ្លាក់ចេញពីផ្លូវជាតិ អ្នកបើកបរទាំងសងខាង រងរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ដើម្បីសង្គ្រោះ។

ឧបទ្ទវហេតុនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង២០នាទីទៀបភ្លឺថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិ លេខ៦ ចំណុចខាងកើតភូមិគោកពង្រ ឃុំឈ្នួមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការមូលដ្ឋានកងរាជ អាវុធហត្ថស្រុក ព្រះនេត្រព្រះ បានឲ្យដឹងថា មានរថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាម ពណ៌ស្ក ពាក់ស្លាកលេខ សៀមរាប 2B-3729.បើកបរដោយ ឈ្មោះសួន វ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី បានឲ្យដឹងទៀតថា រថយន្តបើកមកពីទិសខាងលិចទៅទិសខាងកើត ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានគោយន្តមួយគ្រឿងម៉ាកគូបូតា ពណ៌ក្រហម បើកបរដោយឈ្មោះ យ៉ែម គីដា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរធ្វើស្រែមានទីលំនៅភូមិបន្ទាត់បោះ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បើកបរនៅខាងមុខក្នុងទិសដៅស្របគ្នា មានភ្លើងក្រោយតែមិនគ្រប់គ្រាន់ ទើបបណ្តាលឲ្យរថយន្តបុកចំទ្រុងគោយន្តចំហៀង ខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យរថយន្ត និងគោយន្តបានខ្ទាតក្រឡាប់ធ្លាក់ចេញពីផ្លូវជាតិ បណ្ដាលឲ្យអ្នកបើកបរ រថយន្តរងរបួសស្រាល។  ចំណែកអ្នកបើកបរគោយន្តរបួសធ្ងន់ ត្រូវបានបញ្ជូនទៅពេទ្យបង្អែកស្រុកព្រះនេត្រព្រះ។

លោកវរសេនីយ៍ត្រីបានបន្ថែមទៀតថា ក្រោយពីជួបគ្រោះថ្នាក់រួច ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ ធ្វើការត្រួតពិនិត្យវាស់វែងរួចរថយន្ត និងគោយន្តត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកធ្វើការដោះស្រាយតាមច្បាប់៕

ឡានបុកគោយន្ត (1)

ឡានបុកគោយន្ត (2)

ឡានបុកគោយន្ត (3)

មតិយោបល់