កូរ៉េៈ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែធ្នូនេះថា កូរ៉េខាងត្បូង បានបញ្ជូនក្រុមការងារមួយ នៅថ្ងៃច័ន្ទនេះ ទៅកាន់កូរ៉េខាងជើង ដើម្បីត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ នៅចុងសប្តាហ៍នេះ ដើម្បីភ្ជាប់ផ្លូវដែក និងផ្លូវឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ។
ក្រុមការងារមុនមានមន្ត្រីចំនួន ៣១នាក់ មកពីក្រសួងបង្រួបបង្រួម និងដឹកជញ្ជូន បានចាកចេញពីព្រំប្រទល់ទីប្រជុំជន Kaesong របស់កូរ៉េខាងជើង។ ក្នុងចំណោមនោះ មានមន្ដ្រី ២៧ រូប នឹងស្នាក់នៅទីនោះ ដើម្បីរៀបចំពិធី។
ក្រុងសេអ៊ូល និងក្រុងព្យុងយ៉ាង បានយល់ព្រមគ្នារៀបចំពិធីបញ្ចុះបឋមសិលា នៅស្ថានីយ៍ Panmun ក្នុងទីប្រជុំជន Kaesong កាលពីថ្ងៃពុធ។
ដោយកាលពីថ្ងៃអាទិត្យ កូរ៉េខាងត្បូងបានបញ្ជូនមន្ត្រីចំនួន ១៤ នាក់ ទៅស្ថានីយ Panmun ដើម្បីរៀបចំពិធីនេះ ហើយពួកគេ ក៏បានវិលត្រលប់មកផ្ទះវិញ នៅយប់ថ្ងៃអាទិត្យផងដែរ។
បន្ទាប់ពីកិច្ចប្រជុំកំពូលលើកដំបូងរបស់ពួកគេ នៅក្នុងខែមេសា នៅឯភូមិព្រំប្រទល់ Panmunjom ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន និងមេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានយល់ព្រមធ្វើទំនើបកម្ម ជាមួយនឹងការតភ្ជាប់នូវផ្លូវដែក និងផ្លូវថ្នល់ឡើងវិញ តាមបណ្ដោយឧបទ្វីបកូរ៉េខាងលិច និងខាងកើត៕
មតិយោបល់