ស៊ីរីៈ ការវាយប្រហារតាមដែនអាកាស និងបាញ់គ្រាប់កាំភ្លើងធំរបស់ប្រទេសតួកគី នៅជិតទីក្រុង Jerablus ប្រទេសស៊ីរី បានបណ្ដាលឲ្យជនស៊ីវិល ៤០ នាក់ស្លាប់ និងជាង ១១០ នាក់ទៀតរងរបួស។ នេះបើយោងតាមរយៈ សារព័ត៌មានអាទ្បាទ្បាំ ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦។
ក្នុងនោះដែរ កងទ័ពតួកគី បានសម្លាប់ពួកសកម្មប្រយុទ្ធឃើដ YPG ២៥ នាក់ ដែលគេស្គាល់ថា ជាពួកភេរវករ។
កាលពីថ្ងៃអាទិត្យកងកម្លាំងតួកគី បានបង្កើនការវាយលុករបស់ពួកគេ ជាមួយនឹងយន្តហោះចម្បាំងរបស់ខ្លួន និងបានបាញ់គ្រាប់កាំភ្លើងធំទៅកាន់តំបន់ ដែលពួកសកម្មប្រយុទ្ធឃើដកាន់កាប់ នៅជិតទីក្រុង Jarablus និងបានរំដោះវាចេញពីក្រុម ISIS ក្នុងសប្តាហ៍នេះផងដែរ។
គួរបញ្ជាក់ដែរថា ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan កាលពីថ្ងៃអាទិត្យ បានប្ដេជ្ញា ធ្វើពលិការ ដើម្បីប្រយុទ្ធប្រឆាំងនឹងពួកភេរវកររដ្ឋអ៊ីស្លាម និងក្រុមប្រយុទ្ធឃើដនៅប្រទេសស៊ីរី បន្ទាប់ពីវាយប្រហារលើកទីប្រាំ បានសម្លាប់ជីវិតមនុស្សរាប់សិបនាក់៕
មតិយោបល់