ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

បាញ់ប្លន់អស់៥គ្រាប់ ស្លាប់ម្នាក់ យកម៉ូតូបានមួយគ្រឿង

ភ្នំពេញ: ក្រុមចោរដៃឆៅបានបាញ់ជនរងគ្រោះ៥គ្រាប់ ប្លន់យកម៉ូតូមួយគ្រឿង បានសម្រេច ហើយគេចខ្លួនដោយសុវត្ថិភាព កាលពីវេលាម៉ោង១៖៣០នាទី យប់ចូលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ ដែលហេតុការណ៍នេះ កើតឡើងនៅត្រង់ចំណុចទល់មុខហាង ម៉េងលី ស្ថិតតាមបណ្តោយផ្លូវលេខ៥៩២ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នារីសង្សារជនរងគ្រោះឈ្មោះ ស្រីនុច អាយុ២២ឆ្នាំ បច្ចុប្បន្នស្នាក់នៅខណ្ឌសែនសុខ បានប្រាប់សមត្ថកិច្ចថា ខ្លួនជាមួយមិត្តប្រុសជាជនរងគ្រោះមានឈ្មោះ ស្រី ផានិត្រ អាយុ២៤ឆ្នាំ មុខរបរនិស្សិតពេទ្យ ឆ្នាំទី៥ នៅសាកលវិទ្យាល័យអន្តរជាតិ ដែលបច្ចុប្បន្នស្នាក់នៅសំណង១២ សង្កាត់ទឹលល្អក់៣ ខណ្ឌទួលគោក ដោយពួកគេទើបតែចេញពីជួបជុំគ្នាជាមួយបងប្អូននៅខារ៉ាអូខេម្តុំស្ពានអាកាស៥មករា។ លុះដល់ម៉ោង១យប់ ក៏នាំគ្នាចេញទៅផ្ទះ ដោយបុរសរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក Zoomer X ពណ៌ខៀវ ពាក់លេខ ភ្នំពេញ 1642 (ចាំលេខនៅខាងក្រោយ) ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥៩២ ទិសដៅពីកើតទៅលិច ក្នុងគោលបំណងជូននាងជាសង្សារទៅផ្ទះនៅភ្នំពេញថ្មី។

នារីជាសង្សារបន្តថា នៅខ្លួនជិះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ស្តុបពីរ ពណ៌ស មិនចាំស្លាកលេខ បានព្យាយាមជិះតាមកៀរម៉ូតូរបស់ពួកគេពីក្រោយរហូតមកដល់មុខហាង ម៉េងលី ក៏ធ្វើជនរងគ្រោះរេចង្កូតម៉ូតូទៅប៉ះម៉ូតូកង់បី ដែលគេចតចោលនៅចិញ្ចើមផ្លូវ បណ្តាលឲ្យដួល។ ភ្លាមៗនោះ បក្ខពួកជនសង្ស័យបានដកកាំភ្លើងខ្លីភ្ជង់ប្លន់យកម៉ូតូ តែជនរងគ្រោះជាសង្សារមិនព្រមឲ្យក៏ប្រទាញប្រទុងគ្នា ហើយក៏ឮសំឡេងគ្រាប់កាំភ្លើងបាញ់ជាច្រើនគ្រាប់ ធ្វើឲ្យបុរសសង្សារដេកដួលនៅក្នុងថ្លុកឈាមបាត់ទៅហើយ។ បន្ទាប់ពីកើតហេតុ ក្រុមចោរក៏លើកម៉ូតូរបស់ជនរងគ្រោះជិះចេញទៅបាត់ស្រមោលតែម្តង។

ទោះជាយ៉ាងណា ជនរងគ្រោះត្រូវបានមិត្តភ័ក្កិដឹកតាមម៉ូតូកង់បី យកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះសង្ឃ ដោយស្ថានភាពធ្ងន់ធ្ងរពេក ហើយក៏ដាច់ខ្យល់ស្លាប់ ព្រោះជនរងគ្រោះត្រូវគ្រាប់កាំភ្លើង៥គ្រាប់ សុទ្ធតែចំណុចសំខាន់។ រីឯសមត្ថកិច្ចក៏កំពុងបើការស៊ើបអង្កេតស្រាវជ្រាវរកមុខជនសង្ស័យ តាមរយ:ការសាកសួរនារីជាសង្សារ៕

//youtu.be/KCihFutWdWI

បាញ់ប្លន់អស់៥គ្រាប់ ស្លាប់ម្នាក់ (2)

បាញ់ប្លន់អស់៥គ្រាប់ ស្លាប់ម្នាក់ (3)

បាញ់ប្លន់អស់៥គ្រាប់ ស្លាប់ម្នាក់ (4)

បាញ់ប្លន់អស់៥គ្រាប់ ស្លាប់ម្នាក់ (5)

បាញ់ប្លន់អស់៥គ្រាប់ ស្លាប់ម្នាក់ (6)

បាញ់ប្លន់អស់៥គ្រាប់ ស្លាប់ម្នាក់ (7)

បាញ់ប្លន់អស់៥គ្រាប់ ស្លាប់ម្នាក់ (1)

មតិយោបល់