ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អេក្វាទ័រ ប្រកាសកាន់ទុក្ខថ្នាក់ជាតិ ក្រោយគ្រោះរញ្ជួយដី បណ្ដាលឲ្យចំនួនមនុស្សស្លាប់កើនដល់ ៦៥៤នាក់

អេក្វាទ័រ: រដ្ឋាភិបាលអេក្វាទ័រកាលពីថ្ងៃសៅរ៍ បានប្រកាសកាន់ទុក្ខថ្នាក់ជាតិចំនួន ៨ ថ្ងៃ ក្រោយការស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំង បានវាយប្រហារប្រទេសភាគខាងត្បូងសហរដ្ឋអាមេរិកមួយសប្ដាហ៍មុន ដែលបណ្ដាលឲ្យចំនួនមនុស្សស្លាប់កើនទ្បើងដល់ ៦៥៤ នាក់។ នេះបើយោងតាមរយ: សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយមុននេះបន្តិច នៅព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៦។

បើតាមការចាក់ផ្សាយតាមទូរទស្សន៍ លោកប្រធានាធិបតី Rafael Correa បានថ្លែងឲ្យដឹងថា ដោយសារការបាត់បង់ជីវិតនេះ បានបណ្ដាលឲ្យសាច់ញាតិគ្រួសារជាច្រើនរងការឈឺចាប់យ៉ាងខ្លាំង ហេតុដូចនេះទើបធ្វើលោកបានចុះហត្ថលេខាលើក្រឹត្យស្តីពីការកាន់ទុក្ខថ្នាក់ជាតិចំនួន ៨ថ្ងៃ សម្រាប់ជាការចងចាំដល់ជនរងគ្រោះទាំងនោះ។
ការកាន់ទុក្ខនេះ ពិតជាសោដនាដកម្មជាតិដ៏ធំមួយ សម្រាប់ប្រទេសអេក្វាទ័រ ប៉ុន្តែវានឹងធ្វើឲ្យឆន្ទ:ប្រជាជាតិផ្លាស់ប្ដូរទៅមុខកាន់ខ្លាំងជាងមុន នេះបើយោងតាមការថ្លែងឲ្យដឹងរបស់លោកប្រធានាធិបតី។

គួរបញ្ជាក់ផងដែរ បើតាមក្រុមមន្ត្រីបានអះអើងជាផ្លូវការថា មកទាល់ពេលនេះ មនុស្សស្លាប់មានចំនួន ៦៥៤នាក់ និងរងរបួស ១៦.៦០១ នាក់ ហើយអ្នកបាត់ខ្លួនមានចំនួន ៦៨ នាក់ និង២៥.៦៤០ នាក់ទៀតកំពុងស្ថិតនៅក្នុងជម្រក ហើយសម្រាប់អគារដែលរងការបំផ្លិចបំផ្លាញ ដោយគ្រោះរញ្ជួយដីកម្រិត ៧,៨ វ៉ិចទ័រនៅក្នុងប្រទេសនេះ គឺមានចំនួន៩.៧៣០ ខ្នង៕

មតិយោបល់