កំពត: បុរសជនជាតិថៃម្នាក់ បានបោកក្បាល និងបាក់កស្លាប់ភ្លាមៗនៅគ្រាដែលជិះម៉ូតូបុកសត្វក្របីមួយក្បាលរត់ឆ្លងផ្លូវ។ មន្ត្រីនគរបាលមូលដ្ឋានបានបញ្ជាក់ថាគ្រោះថ្នាក់បុរសថៃ បើកម៉ូតូបុកក្របីនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៤មេសាឆ្នាំ២០១៦នៅចំណុចលើផ្លូវលំដីក្រហមជាប់ចំការអំពៅ ក្នុងភូមិត្រពាំងកណ្តាល ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកំពត។
លោកវរសេនីយ៏ទោ ម៉ា ទី អធិការស្រុកបានប្រាប់ថា ជនរងគ្រោះបុកក្របីស្លាប់នេះមានឈ្មោះ Sitti Sutave អាយុ៤១ឆ្នាំ ជាជនជាតិថៃ ចូលមកកម្ពុជា ធ្វើការនៅរោងចក្រស្ករសរ ខេត្តកំពត និងមានតួនាទីជាប្រធានឍផ្នែក BL។
សាក្សីបានប្រាប់ថាមុនកើត គេឃើញបុរសថៃបានជិះម៉ូតូវ៉េវអេសពណ៌ខៀវ ពាក់ស្លាកលេខកំពត 1A-4396 បើកពីលិចទៅកើត ។ លុះដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានសត្វក្របីធំមួយក្បាលរត់ឆ្លងផ្លូវ ធ្វើឱ្យជនរងគ្រោះចាប់ហ្វ្រាំងមិនទាន់ ក៍បុកក្របីនោះពេញទំហឹងបណ្តាលដួលបោកក្បាល ទៅក្រោយ និងបាក់កស្លាប់ភ្លាមៗតែម្តង។ចំណែកសត្វក្របីបោលរត់បាត់ស្រមោល។ សពជនរងគ្រោះគ្រោយពីពិនិត្យរួចបានប្រគល់ទៅឱ្យសាច់ញាតិយកទៅធ្វើបុណ្យ៕




មតិយោបល់