ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ដោះលែងប្រធានសន្តិសុខបុរី លឹម ឈាងហាក់ ឲ្យមានសេរីភាពវិញហើយ

ភ្នំពេញៈ ប្រភពពីសមត្ថកិច្ចនគរបាលខណ្ឌដង្កោបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ ម្សិលមិញ លោកស្រី កែវ សុគន្ធា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានដោះលែង ជនជាប់សង្ស័យ ឈ្មោះ វឿន សារុម ដែលជាប្រធានសន្តិសុខនៅបុរី លឹម ឈាងហាក់ ឲ្យមានសេរីភាពវិញហើយ។

សូមបញ្ជាក់ថា ជនជាប់សង្ស័យឈ្មោះ វឿន សារុម ដែលជាប្រធានសន្តិសុខនៅបុរី លឹម ឈាងហាក់ ត្រូវបានកម្លាំនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោបានបញ្ជូនឲ្យតុលាការចាត់ការតាមនីតិវិធី នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ ក្រោយពីជននេះត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនកាលពីយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ កន្លងមក ក្រោយពេលដែលជនជាប់សង្ស័យបាននាំបក្ខពួកមានគ្នាប្រមាណ១០នាក់ ជាសន្តិសុខបុរី លឹម ឈាងហាក់ ស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ ជិះម៉ូតូ៣គ្រឿង ទៅវាយទាត់ធាក់បុរសជនរងគ្រោះមានឈ្មោះ សាង ហៃ អាយុ៣០ឆ្នាំបណ្តាលឲ្យរងរបួសធ្ងន់ និងបានវាយខ្នោះបុរសរងគ្រោះនាំយកមកកន្លែងការិយាល័យសន្តិសុខក្នុងបុរីទៀតផង ព្រោះតែមានជម្លោះជាមួយជនរងគ្រោះ។

សូមរំឭកថា ហេតុការណ៍ហិង្សារវាងក្រុមជនសង្ស័យ និងជនរងគ្រោះ បានកើតឡើងកាលពីយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅ ស្ថិតនៅផ្ទះជនរងគ្រោះភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ករណីហិង្សាខាងលើពីក្រុមសន្តិសុខទាំងនេះ ខឹងជនរងគ្រោះយកចំពាមកៅស៊ូ ទៅបាញ់កម្មករសំណង់របស់ខ្លួន តែយ៉ាងណានោះ ក៏មិនត្រូវលើកគ្នាទាំងហ្វូងទៅប្រើអំពើហិង្សា និងចាប់វាយខ្នោះអូសមកកន្លែងបែបនេះទេ ពីព្រោះមិនមែនជាមន្រ្តីនគរបាលយុត្តិធម៌ឡើយ។

បើតាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចដដែលបានដឹងទៀតថា ខណៈជនរងគ្រោះកំពុងអង្គុយលើគ្រែ ស្រាប់តែប្រធានសន្តិសុខ និងបក្ខពួក ទៅវាយចាប់វាយខ្នោះ ដោយមិនសួរហេតុផល អូសមកកន្លែងការិយាល័យសន្តិសុខ ក្នុងបុរី ហើយបន្តវាយរហូតរបួសធ្ងន់៕

https://youtu.be/E7haJEJGBjM

ប្រធានសន្តិសុខបុរី លឹមឈាងហាក់ បញ្ជូនតុលាការ

មតិយោបល់