ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ស្រ្តីម្នាក់ ត្រូវគេវាយសំលាប់ ទំលាក់ក្នុងទឹកស្ទឹងសែន ប៉ូលិសឃាត់ខ្លួនជនសង្ស័យបានម្នាក់

កំពង់ធំ: សាកសពស្រ្តីមា្នក់ ត្រូវគេប្រទះឃើញ ស្លាប់អណ្តែតទឹកក្នុងសភាពអាក្រាតកាយ កាលពីវេលាម៉ោង ៦និង៥០នាទីព្រឹក ថ្ងៃទី២៥ ខែមសា ឆ្នាំ២០១៦នេះ នៅចំណុចក្រោមស្ពាន ស្ទឹងសែន ប៉ែកខាងត្បូង សិ្ថតក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ស្នងការនគរបាលខេត្តកំពង់ធំ លោក ជួ សំអាន បានប្រាប់ Post News ថា ស្រ្តីរងគ្រោះ មានស្លាកស្នាម ជាំលើក្បាលពោះ បាក់ក្តោមច្រមុះ និងពុំមានសម្លៀកបំពាក់ជាប់ខ្លួនទេ។

ក្រោយការសើបសួរប្រជាពលរដ្ឋក្នុងមូលដ្ឋានទើបដឹងពី អត្តសញ្ញាណស្ត្រីរងគ្រោះ មានឈ្មោះ ឈាន ធុច អាយុ៤៨ឆ្នាំ មានទីលំនៅ ក្នុងភូមិថ្នល់ ឃុំទួលគ្រើល ស្រុកបា្រសាទបល្ល័ង្ក ខេត្តកំពង់ធំ ប៉ុន្តែស្រ្តីនេះ គេដឹងថាជាមនុស្សទ្បប់សតិ ហើយមករស់នៅ ក្រុងស្ទឹងសែន ដោយគ្មានទីលំពិតបា្រកដ។

លោកស្នងការបានបញ្ជាក់ទៀតថា ក្រោយពីពិនិត្យសាកសព សមត្ថកិច្ចខេត្តបានធ្វើការស្រាវជ្រាវ រហូតឈានទៅឃាត់ខ្លួន ជនសង្ស័យម្នាក់នៅព្រឹកថ្ងៃដដែរនេះ។ ជនសង្ស័យនោះមានឈ្មោះ ហេង ធារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅ ក្នុងភូមិស្ទឹងសែន សង្កាត់កំពង់ក្រប៉ៅ ក្រុងស្ទឹងសែន មុខរបរមិនពិតបា្រកដ។ ជនសង្ស័យនេះ ត្រូវបានសមត្ថកិច្ច អះអាងថា ធ្លាប់ចេញពីមណ្ឌលកែប្រែ នៅខេត្តសៀមរាម ក្នុងករណីប្រើប្រាស់សារធាតុញៀន។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ហេង ធារ៉ា បានសារភាពថា ខ្លួនពិតជាបាន វាយសម្លាប់ជនរងគ្រោះ ដោយដំបង រួមជាមួយនឹងបក្ខពួកម្នាក់ទៀត។ បន្ទាប់់ពីវាយសម្លាប់ហើយ ពួកខ្លួនទាំង២នាក់ បានអូសយកសព ស្រ្តីរងគ្រោះ ទៅទម្លាក់ក្នុងទឹកស្ទឹងសែន និងបោះដំបងចោលទៅក្នុងទឹក។ ជនសង្ស័យរូបនេះបាន សារភាពទៀតថា មូលហេតុដែលខ្លួន និងបក្ខពួក វាយសម្លាប់ស្រ្តីរងគ្រោះ ក៍ព្រោះតែពួកខ្លួនខឹង ជនរងគ្រោះផឹកស្រា ស្រវឹង និងចេះតែទ្បូទ្បា ដាក់ពួកវារាល់ថ្ងៃ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅតុលា រីឯបក្ខពួកសមត្ថកិច្ចកំពុង តាមស្វែងរកចាប់ខ្លួន។ ចំណែកសាកសព ស្រ្តីរងគ្រោះ ត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

photo_2016-04-25_12-04-58

photo_2016-04-25_11-53-18 (2) photo_2016-04-25_11-53-18

photo_2016-04-25_11-53-23 photo_2016-04-25_11-53-16 photo_2016-04-25_11-53-21 photo_2016-04-25_11-53-19 photo_2016-04-25_11-53-20 photo_2016-04-25_11-53-22 photo_2016-04-25_11-53-25

photo_2016-04-25_12-05-00

មតិយោបល់