ភ្នំពេញ: ជនសង្ស័យជាអ្នករត់ម៉ូតូឌុប ម្នាក់ស្រវឹងស្រាជោគខ្លួន ចូលប៉ុនប៉ងធ្វើសកម្មភាព រំលោភក្មេងស្រីអាយុ១២ឆ្នាំ ម្នាក់ ក្នុងបន្ទប់ខណៈគេងជាមួយម្ដាយ និងបងប្អូនរបស់នាង ប៉ុន្តែត្រូវនាងដឹងខ្លួន ទាន់ក៏ស្រែកបង្កឱ្យភ្ញាក់ផ្អើល ហើយត្រូវឪពុកម្ដាយប្ដឹងឱ្យប៉ូលិសប៉ុស្ដិ៍ចោមចៅធ្វើការ ឃាត់ខ្លួនតែម្តង ។
ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង០៣ និង៣០នាទីទៀបភ្លឺថ្ងៃទី២៥ មេសា ២០១៦ ស្ថិតនៅចំណុចបន្ទប់ផ្ទះជួលលេខ៣ ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពឱ្យដឹងថា ជនសង្ស័យខាងលើឈ្មោះ យ៉ាន សុគន្ធ អាយុ៣៦ឆ្នាំ ជាអ្នករត់ម៉ូតូឌុប មានស្រុកកំណើតនៅភូមិស្នេហ៍រាន ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ចំណែកក្មេងស្រីរងគ្រោះអាយុ១២ឆ្នាំ ស្នាក់នៅបន្ទប់ផ្ទះជួល។ នៅមុនពេលកើតហេតុ កូនស្រីរងគ្រោះបានដេកនៅក្នុងបន្ទប់ផ្ទះជួលខាងលើ ជាមួយគាត់ និងកូនៗ ២នាក់ទៀត។
ចំណែកឯប្ដីគាត់បានទៅយាម ខណៈនោះគាត់មិនបានបិទទ្វារបន្ទប់នោះឡើយ។ នៅពេលដែលគាត់កំពុងដេកលក់ ដោយមិនដឹងខ្លួននោះ ស្រាប់តែជនសង្ស័យដែលផឹកស្រាស្រវឹងជោគ ហើយបានឡើងទៅដេក ជាមួយកូនគាត់ បន្ទាប់មកបានស្រាតខោរបស់នាង រួចបានស្ទាបបបោសអង្អែលខ្លួនប្រាណ ប៉ុនប៉ងចាប់រំលោភ ប៉ុន្តែត្រូវនាងដឹងខ្លួនទាន់ ខំរើបម្រះរួច និងស្រែកឆោឡោតែម្តង៕
មតិយោបល់