ភ្នំពេញៈ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅមុននេះបន្តិច បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា វិលត្រឡប់មកដល់មាតុប្រទេសវិញ ប្រកបដោយសុខសុវត្ថិភាព។ ការធ្វើមាតុភូមិនិវត្តន៍របស់សម្ដេចនៅពេលនេះ គឺបន្ទាប់ពីសម្ដេចបានបញ្ចប់ជាស្ថាពរកិច្ចប្រជុំកំពូលអាស៊ានលើកទី២៨-២៩ ប្រទេសឡាវ ហើយប្រទេសហ្វីលីពីន នឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលមួយនេះ នៅឆ្នាំក្រោយទៀត។
បើតាមហ្វេសប៊ុក សម្ដេចតេជោ ឲ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ានលើកទី២៨-២៩ គឺបានបញ្ចប់ជាផ្លូវការហើយ នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ។ ប្រមុខដឹកនាំអាស៊ានទាំង១០ បានអញ្ជើញចូលរួមនៅក្នុងពិធីបិទនេះជាផ្លូវការ ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ទោះបីហត់នឿយបន្តិចមែនក្តី តែសម្តេចសប្បាយចិត្តបំផុតដែលបានជួបពិភាក្សាដោះស្រាយបញ្ហារួមគ្នាជាមួយប្រមុខដឹកនាំប្រទេសអាស៊ានដទៃៗទៀត ដើម្បីពង្រឹងនូវសុខសន្តិភាព និងផ្តល់នូវឱកាសដល់បណ្តាប្រជាជាតិទាំងអស់ ដើម្បីទទួលបាននូវផលប្រយោជន៍ក្នុងការចូលរួមកសាង និងអភិវឌ្ឍសង្គមជាតិ។
ប្រទេសហ្វីលីពីន បានទទួលបន្តដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំក្រោយទៀត ដែលនឹងប្រព្រឹត្តិទៅនៅប្រទេសហ្វីលីពីន បន្ទាប់ពីប្រទេសឡាវ៕















មតិយោបល់