ភ្នំពេញៈ កៅស៊ូត្រជាក់សម្រាប់អុ៊តថ្នល់ចំនួន១០តោន ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូនយកមកប្រគល់ជូនដល់សាលារាជធានីភ្នំពេញ ដើម្បីឲ្យមន្ត្រីជំនាញរបស់សាលារាជធានីភ្នំពេញយកទៅជួសជុលផ្លូវក្រឡុកសំបុកមាន់នៅក្នុងរាជធានីភ្នំពេញ។
ការប្រគល់នេះត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី០៨ កញ្ញានេះនៅសាលារាជធានីភ្នំពេញ ក្រោយអធិបតីភាពលោក សុ៊ន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។
លោកប៉ា សុជាតិវង្ស បានមានប្រសាសន៍លើកឡើងថា កៅស៊ូត្រជាក់ចំនួន១០តោន ដែលក្រសួងសាធារណការនិងដឹកជញ្ជូនប្រគល់ជូនសាលារាជធានីភ្នំពេញនេះ គឺសម្រាប់យកមកជួសជុលផ្លូវក្រឡុកសំបុកមាន់នៅក្នុងរាជធានីភ្នំពេញ ។ លោកបន្តថា នេះជាលើកទី១ហើយ ដែលព្រះរាជណាចក្រកម្ពុជាយើងបានទទួលកៅស៊ូត្រជាក់នេះ ក្នុងនោះរាជធានីភ្នំពេញទទួលបានមុនគេ។ នេះវាជាបច្ចេកទេសថ្មីមួយទៀតដែលយើងងាយស្រួលក្នុងការជួសជុលផ្លូវ ដោយមិនបាច់ប្រើប្រាស់គ្រឿងចក្រធំៗ សម្រាប់ជួលជុលនោះទេ ហើយកៅស៊ូត្រជាក់នេះ មានគុណភាពខ្ពស់ មិនថា ជួលជុលក្នុងរដូវក្តៅឬ មេឃភ្លៀងនោះទេ គឺជួលជុលបានគ្រប់ពេលវេលាទាំងអស់។
លោកស៊ុន ចាន់ថុល បានមានប្រសាសន៍លើកឡើងថា កៅស៊ូត្រជាក់ខាងលើនេះបានមកពីការផ្តល់ជូនមកពីប្រទេសជប៉ុន តាមរយៈ ទីភ្នាក់ងារចៃការ ពោលគឺចៃកាបានប្រគល់មកឲ្យ ក្រសួងសាធារណការ និងដឹកជញ្ជូនចំនួន២០តោន ហើយក្នុងចំនួននេះក្រសួងសាធារណការ និងដឹកជញ្ជូនបានសម្រេចប្រគល់ជូនមកសាលារាជធានីភ្នំពេញចំនួន១០តោន ឲ្យទៅខេត្តសៀមរាបចំនួន៥តោន និងខេត្តបាត់តំបងចំនួន៥តោនផងដែរ ដើម្បីយកទៅប្រើប្រាសសាកល្បង ក្នុងការជួសជុលផ្លូវក្រឡុកសំបុកមាន់នានានៅក្នុងខេត្តនិងរាជធានីភ្នំពេញ។
លោករដ្ឋមន្ត្រីបន្តទៀតថា ការបែងចែកក្នុងការប្រគល់ជូនខេត្ត រាជធានីទាំង៣នេះ គឺដោយមើលឃើញថា រាជធានីភ្នំពេញជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា និងខេត្ត២ទៀតជាខេត្តដែលជាតំបន់ទេសចរណ៍ និងមានប្រជាពលរដ្ឋរស់នៅច្រើន ប៉ុន្តែទោះបីជាយ៉ាងណាក្តី កៅស៊ូត្រជាក់នេះជប៉ុននឹងផ្តល់ជូនជាបន្តបន្ទាប់ទៀត ហើយទៅអនាគតជប៉ុនក៏នឹងផ្តល់រថយន្ត និងម៉ាសុីនសម្រាប់ផលិតកៅស៊ូត្រជាក់នេះផងដែរ៕





មតិយោបល់