ភ្នំពេញៈ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៥ – ២០១៦ ដែលមានជាង៩ម៉ឺននាក់ ដែលដំណើការសំណេរប្រឡង កាលពីចុងខែសីហា កន្លងទៅនោះ បានប្រឡងជាប់ក្នុងចំនួនជិត៦ម៉ឺននាក់ ត្រូវជាជាង៦០% នៃបេក្ខជនដែលបានចូលរួមប្រឡង។ នេះបើតាមក្រសួងអប់រំ យុវជន និងកីឡា ឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦នេះ។
ក្រសួងអប់រំ យុវជន និងកីឡា ឲ្យដឹងថា “បេក្ខជនប្រឡងជាប់ក្នុងសម័យប្រឡងឆ្នាំ២០១៦នេះ មានចំនួន ៥៥ ៧៥៣នាក់ ត្រូវជា ៦២,១៨% នៃបេក្ខជនវត្តមានចំនួន៨៩ ៦៦១នាក់។ ក្នុងនោះ បេក្ខជនប្រឡងជាប់ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៨ ៤១៥នាក់ ត្រូវជា ៥៧,២៨% នៃបេក្ខជនចំនួន ៦៧ ០៧១នាក់ និងបេក្ខជនប្រឡងជាប់ ថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៧ ៣៣៨នាក់ ត្រូវជា ៧៦,៧៥% នៃបេក្ខជនចំនួន ២២ ៥៩០នាក់”។
ក្រសួងអប់រំ បន្តឲ្យដឹងថា សិស្សជាប់និទ្ទេស A មានចំនួន៤០៥នាក់ និទ្ទេស B មានចំនួន២៨០១នាក់ និទ្ទេស C មានចំនួន៥៥៩៥នាក់ និទ្ទេស D មានចំនួន៨៨៣៥នាក់ និងនិទ្ទេស E មានចំនួន ៣៨ ១១៧នាក់។ ក្នុងនោះ បេក្ខជនទទួលបាននិទ្ទេស A មកពីរាជធានីភ្នំពេញ ចំនួន១៨៣នាក់ ខេត្តសៀមរាប ចំនួន៣៦នាក់ បាត់ដំបង ចំនួន៣៤នាក់ កណ្តាល ចំនួន២៩នាក់ កំពង់ចាម ចំនួន២០នាក់ បន្ទាយមានជ័យ ចំនួន១៦នាក់ ព្រៃវែងចំនួន១៤នាក់ កំពត ចំនួន១១នាក់ ត្បូងឃ្មុំ ចំនួន១១នាក់ តាកែវ ចំនួន១១នាក់ កំពង់ធំ ចំនួន១០នាក់ ក្រចេះ ចំនួន៩នាក់ កំពង់ឆ្នាំង ចំនួន៧នាក់ ព្រះសីហនុ ចំនួន៧នាក់ កំពង់ស្ពឺ ចំនួន២នាក់ ពោធិ៍សាត់ ចំនួន២នាក់ មណ្ឌលគិរី ចំនួនម្នាក់ ប៉ៃលិន ចំនួនម្នាក់ និងខេត្តឧត្តរមានជ័យ ចំនួនម្នាក់។
គួរជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ឬបាក់ឌុប សម័យប្រឡង ២២ សីហា ២០១៦ ប្រព្រឹត្តិរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ដែលមានថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម រួមមានបេក្ខជនប្រឡងសរុបចំនួន ៩៣ ៧៥២នាក់ មានមណ្ឌលប្រឡងសរុបចំនួន១៥៧ ចែកចេញជា ៣៧៨២បន្ទប់ នៅរាជធានីខេត្តទាំង២៥ ទូទាំងប្រទេស។
បើតាមក្រសួងអប់រំ ឲ្យដឹងថា ក្នុងដំណើការប្រឡងរយៈពេលពីរថ្ងៃនេះ បេក្ខជនអវត្តមានសរុបចំនួន ១ ៣៦១នាក់ ស្រី៥៣២នាក់ ត្រូវជា ១,៤៥% នៃចំនួនបេក្ខជនចុះឈ្មោះប្រឡងសរុប ក្នុងនោះ បេក្ខជនស្វៃរិនអវត្តមានសរុបចំនួន ៩៧២នាក់ ស្រី៣៩១នាក់។
ដំណើរការសំណេរទាំងពីរថ្ងៃ មានភាពល្អប្រសើរជាងឆ្នាំកន្លងទៅ គណៈកម្មការមេប្រយោគគ្រប់លំដាប់ថ្នាក់ មានការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ច ទោះបីនៅតាមរាជធានីខេត្តមួយចំនួនមានភ្លៀងធ្លាក់ក៏ដោយ។ ទន្ទឹមនេះ គ្រប់ភាគីពាក់ព័ន្ធបានផ្ដល់កិច្ចសហការយ៉ាងល្អ រួមមានអង្គភាពប្រឆាំងអំពើពុករលួយ និងកងកម្លាំងមានសមត្ថកិច្ច។ ដោយឡែក បេក្ខជនបានគោរពបទប្បញ្ញត្តិនៃការប្រឡងយ៉ាងល្អ មានភាពជឿជាក់ និងខិតខំធ្វើកិច្ចការបានច្រើន ពុំមានឧបទ្ទវហេតុអ្វីកើតឡើងគួរឲ្យកត់សម្គាល់ឡើយ លើកលែងតែករណីបេក្ខជនមានបញ្ហាសុខភាពចំនួន២៦ករណី ប៉ុន្តែ១ករណី មិនអាចប្រឡងបាន និងមានគ្រោះថ្នាក់ចរាចរណ៍២ករណី ក្នុងនោះ១ករណី មិនអាចបន្តការប្រឡងបាន។
ទោះជាយ៉ាងណា លទ្ធផលនៃការប្រឡង នឹងប្រកាសជូនបេក្ខជននៅរសៀលថ្ងៃទី១០ ខែកញ្ញានេះ ចំពោះមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នៅតាមមណ្ឌលប្រឡងនីមួយៗ។ ដោយឡែក បណ្ដាខេត្តផ្សេងទៀត នឹងប្រកាសជូននៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦៕
មតិយោបល់