ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សាលាក្ដីខ្មែរក្រហម ប្រកាសសាលដីកាលើបណ្តឹងសាទុក្ខរបស់ នួន ជា និង ខៀវ សំផន នៅចុងឆ្នាំនេះ

ភ្នំពេញ: អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានជូនដំណឹងថា ខ្លួននឹងប្រកាសសាលដីកាស្ថាពរលើបណ្តឹងសាទុក្ខក្នុងសំណុំរឿង ០០២/០១ ប្រឆាំងនឹងលោក នួន ជា និងលោក ខៀវ សំផន នៅព្រឹកថ្ងៃពុធទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខ នៅក្នុងសាលសវនាការរបស់ អ.វ.ត.ក។

សូមបញ្ជាក់ថា សំណុំរឿង ០០២/០១ គឺជាការជំនុំជម្រះលើកទីមួយនៃការជំនុំជម្រះយ៉ាងតិចពីរ ប្រឆាំងនឹង លោក នួន ជា អតីតអនុលេខាបក្សកុម្មុយនីស្តកម្ពុជា និងលោក ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ។ បទចោទនៅក្នុងសំណុំរឿង ០០២/០១ នេះគឺផ្តោតលើបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដែលរងការចោទប្រកាន់ក្នុងអំឡុងពេលជម្លៀសប្រជាជននៅទីក្រុងភ្នំពេញ ក្នុងអំឡុងខែមេសា ឆ្នាំ១៩៧៥ និងការផ្លាស់ទីដោយបង្ខំបន្តបន្ទាប់ពីតំបន់ដទៃទៀត រួមទាំងការកាប់សម្លាប់ដែលរងការចោទប្រកាន់នៅទួលពោធិ៍ជ្រៃ ក្នុងខេត្តពោធិ៍សាត់។

គួររំលឹកថា កាលពីថ្ងៃទី៧ ខែសីហា ឆ្មាំ២០១៤កន្លងទៅអង្គជំនុំជម្រះសាលាដំបូង រកឃើញថា ជនជាប់ចោទមានពិរុទ្ធភាពពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ និងបានសម្រេចប្រកាសទោសដាក់ពន្ធនាគារជនជាប់ចោទទាំងពីរអស់មួយជីវិត។

លោក នួន ជា និងលោក ខៀវ សំផន បានធ្វើបណ្តឹងសាទុក្ខប្រឆាំងនឹងសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូង ដោយម្នាក់ៗបានលើកទឡ្ហីករណ៍បណ្តឹងសាទុក្ខរៀងៗខ្លួនចំនួន ២២៣ និង ១៤៨។ បន្ថែមលើនេះ សហព្រះរាជអាជ្ញា បានដាក់បណ្តឹងសាទុក្ខ ដោយកម្រិតត្រឹមតែស្វែងរកដំណោះស្រាយដែលប្រកាសដោយអង្គជំនុំជម្រះតុលាការកំពូល ទាក់ទងនឹងភាពអាចអនុវត្តបាននូវទម្រង់ពង្រីកបន្ថែមនៃសហឧក្រិដ្ឋកម្មរួម ដែលហៅថា “សហឧក្រិដ្ឋកម្មរួមទម្រង់ទី III” (JCE III) នៅចំពោះមុខ អ.វ.ត.ក៕

photo_2016-09-12_19-33-47

photo_2016-09-12_19-33-50

មតិយោបល់