ផ្ទះ ព័ត៌មានជាតិ អភិបាលខណ្ឌមាន...

អភិបាលខណ្ឌមានជ័យ បដិសេធការចោទថា អាជ្ញាធរអនុញ្ញាតឲ្យសង់សំណង់រឹងមាំលើប្រឡាយផ្លូវ៣៧១

0

ភ្នំពេញ: អាជ្ញាធរខណ្ឌមានជ័យ លោក ពេជ្រ កែវមុនី បានបដិសេធចំពោះការចោទប្រកាន់ថា មន្ត្រីក្រោមឱវាទរបស់ខ្លួន បានឃុបឃិតជាមួយឈ្មួញអនុញ្ញាតឲ្យសាងសង់សំណង់រឹងមាំនៅលើប្រឡាយតាមដងផ្លូវលេខ៣៧១ ហើយថា ព័ត៌មានចោទប្រកាន់នោះ គឺជាការមួលបង្កាច់បង្ខូចកិត្តិយសលោកទាំងស្រុង និងជារឿង ស្វាស៊ីបាយលាបមាត់ពពែ។ យ៉ាងណា អាជ្ញាធរបានទទួលស្គាល់ថា រាល់សំណង់ដែលបាន និងកំពុងសាងសង់លើប្រឡាយផ្លូវ៣៧១នោះ គឺពិតជាសំណង់ខុសច្បាប់ទាំងអស់ ហើយអាជ្ញាធរក៏បានចុះហាមឃាត់ផងដែរ។

លោក ពេជ្យ កែវមុនី អភិបាលខណ្ឌមានជ័យ កាលពីថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០១៦ថ្មីៗនេះ បានបញ្ជាឲ្យលោកអភិបាលរងទទួលបន្ទុកសំណង់ និងលោកនាយករដ្ឋបាល ចុះហាមឃាត់សំណង់ដែលបាន និងកំពុងសង់នៅតាមផ្លូវលេខ៣៧១ទាំងអស់ ដើម្បីសុំគោលការណ៍ទៅសាលារាជធានីភ្នំពេញ មានវិធានការលើសំណង់ទាំងនោះ។ ប៉ុន្តែក្រោយការប្រើវិធានការមិនបានប៉ុន្មានម៉ោងផងនោះ ក៏មានរឿងអាស្រូវលេចចេញតាមសារព័ត៌មានថា លោកនាយករដ្ឋបាល និងលោកអភិបាលរងទទួលបន្ទុកសំណង់ ឃុបឃិតគ្នាអនុញ្ញាតឲ្យគេសាងសង់ ជាថ្នូនឹងលាភសក្ការ:ទៅវិញ ហើយក៏បានបញ្ជាក់ថា មានការបើកភ្លើងខៀវពីលោកអភិបាលទៀតផង។

ព័ត៌មានជុំវិញការចោទប្រកាន់នេះដែរ ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅតាមបណ្តោយផ្លូវ៣៧១ ក្នុងសង្កាត់បឹងទំពុន និងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ប្រាប់ឲ្យដឹងថា អភិបាលរងទទួលបន្ទុកផ្នែកសំណង់ លោក ឡុង ង៉ែត និងនាយករដ្ឋបាលខណ្ឌមានជ័យ លោក ហ៊ុយ វិរ: បានបើកដៃឲ្យម្ចាស់សំណង់ធំៗ សាងសង់សំណង់រឹងមាំលើប្រឡាយទឹកស្អុយ និងចាក់ដីលយចូលប្រឡាយ រំលោភបំពានយកដីចំណីប្រឡាយ ដែលធ្វើឲ្យមាត់ប្រឡាយរួមតូច។

ប្រជាពលរដ្ឋបានលើកឡើងទៀតថា ម្ចាស់សំណង់ធំៗ ដែលកំពុងសាងសង់ស្របមាត់ប្រឡាយក្នុងតំបន់ហាមឃាត់របស់សាលារាជធានីភ្នំពេញ កំពុងចាក់ដីលយចូលប្រឡាយ រំលោភបំពានយកដីចំណីប្រឡាយនោះ គឺភាគច្រើនសុទ្ធសឹងជាអ្នកមានលុយ និងមានអំណាច ដែលបានចំណាយលុយខ្ទង់រាប់ពាន់ដុល្លារ ទៅឲ្យមន្ត្រីសាលាខណ្ឌមានជ័យ ដែលមានការពាក់ព័ន្ធ ទើបពួកគាត់អនុញ្ញាតឲ្យសាងសង់។ ដោយឡែក ពលរដ្ឋក្រីក្រវិញ ពេលស្នើសុំសាងសង់លំនៅដ្ឋាន គឺអាជ្ញាធរមិនអនុញ្ញាតឲ្យសាងសង់ឡើយ។

ឆ្លើយតបចំពោះការចោទប្រកាន់ខាងលើនេះ លោក ពេជ្រ កែវមុន បានបដិសេធថា លោកមិនបានបើកភ្លើងខៀវឲ្យមន្ត្រីរបស់ខ្លួនណាម្នាក់ អនុញ្ញាតឲ្យសង់សំណង់ខុសច្បាប់នៅតាមដងផ្លូវ៣៧១ ដើម្បីជាថ្នូរនឹងលាភសក្ការ:ឡើយ។ លោកបញ្ជាក់ថា “ខ្ញុំសូមអះអាងថា ខ្ញុំគ្មានពាក់ព័ន្ធនឹងរឿងទាំងអស់នោះឡើយ ហើយខ្ញុំបាន និងកំពុងគិតថា ប្រភពព័ត៌មានដែលបានទទួលនោះ គឺមិនពិតដូចអ្វីដែលបានចុះផ្សាយនោះឡើយ គឺអាចជាប្រភពព័ត៌មានមួលបង្កាច់កិត្តិយសរបស់ខ្ញុំទាំងស្រុង ហើយប្រភពព័ត៌មាននេះ អាចជាប្រភពព័ត៌មានស្វាស៊ីបាយលាបមាត់ពពែ ដែលជាករណីមិនអាចឲ្យខ្ញុំអត់ឱនឲ្យឡើយ

ទោះជាយ៉ាងណា លោកអភិបាលខណ្ឌរូបនេះ ក៏បានទទួលស្គាល់ផងដែរថា សំណង់នៅតាមដងផ្លូវលេខ៣៧១ទាំងអស់ គឺពិតជាសំណង់គ្មានច្បាប់អនុញ្ញាត។ ប៉ុន្តែលោកបញ្ជាក់ថា លោកតែងតែបញ្ជាឲ្យមន្ត្រីរបស់ខ្លួនសហការជាមួយមន្រ្តីជំនាញ ចុះហាមឃាត់ជាបន្តបន្ទាប់ ដែលទីតាំងខ្លះ សាលាខណ្ឌបានហាមឃាត់មិនតិចជាង៣ដងនោះឡើយ ហើយទីតាំងមួយចំនួនទៀត សាលាខណ្ឌក៏បាន និងកំពុងធ្វើរបាយការណ៍សុំមតិដឹកនាំពីសាលារាជធានីភ្នំពេញផងដែរ។ លោកបន្ថែមទៀតថា ទោះបីជាសាលាខណ្ឌ ព្យាយាមហាមឃាត់យ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋនៅតែបន្តការសាងសង់ដដែល ហើយអាជ្ញាធរក៏ពិបាកនឹងហាមឃាត់ប្រជាជនមិនឲ្យមានការសាងសង់បានដែរ ព្រោះប្រជាជនរស់នៅត្រូវការទីជម្រក ហើយថា ម្យ៉ាងទីតាំងដែលប្រជាពលរដ្ឋរស់នៅនោះ ជាទីតាំងដែលមិនអាចចេញច្បាប់អនុញ្ញាតឲ្យសាងសង់បានទេ ព្រោះជាទីតាំងស្ថិតនៅតាមមាត់ប្រឡាយ ដូច្នេះហើយពួកគាត់ត្រូវតែបង្ខំចិត្តលួចសង់ដោយខុសច្បាប់។

យ៉ាងណាក្ដី ដើម្បីដោះស្រាយបញ្ហានៅនឹងកន្លែងជូនប្រជាពលរដ្ឋ អាជ្ញាធរខណ្ឌមានជ័យ លោក ពេជ្រ កែវមុន ថា សាលាខណ្ឌបាន និងកំពុងឲ្យមន្រ្តីជំនាញ ចុះសិក្សាកំណត់លក្ខណ:បច្ចេកទេសតំបន់នេះឲ្យបានច្បាស់លាស់ ដើម្បីសុំគោលការណ៍សម្រេចពីសាលារាជធានីភ្នំពេញ ជាថ្មីម្ដងទៀត សម្រាប់ជាមូលដ្ឋានឲ្យប្រជាពលរដ្ឋរស់នៅអាស្រ័យផលស្របច្បាប់តែម្ដង៕

សំណង់ខុសច្បាប់ សំណង់ខុសច្បាប់ សំណង់ខុសច្បាប់ សំណង់ខុសច្បាប់ សំណង់ខុសច្បាប់ សំណង់ខុសច្បាប់

មតិយោបល់

Loading...