ថៃៈ បើតាមអាជ្ញាធរនៅថ្ងៃអង្គារនេះ បាននិយាយថា ចំនួនអ្នកស្លាប់បានកើនទ្បើង ២៧ នាក់ហើយ ខណៈដែល ២ នាក់ទៀតកំពុងបាត់ខ្លួន ក្នុងហេតុការណ៍លិចទូកនៅទន្លេចៅប្រាយ៉ា កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦។
បើតាមកាសែត Thairath បានឲ្យដឹងថា សាកសពជាង ៦ នាក់បន្ថែមក្នុងនោះរួមមានក្មេងប្រុសម្នាក់ ត្រូវបានគេរកឃើញនៅព្រឹកថ្ងៃអង្គារពីទន្លេចៅប្រាយ៉ា ក្នុងខេត្តអាយុធ្យាភាគកណ្ដាលប្រទេសថៃ ចម្ងាយប្រហែល ៥ គីទ្បូម៉ែត្រពីកន្លែងគ្រោះថ្នាក់ ដែលបានកើតទ្បើងនៅប្រាសាទ Sanamchai ។ មកទល់ពេលនេះ ស្ត្រីម្នាក់ និងបុរសម្នាក់ កំពុងស្ថិតក្នុងការស្វែរកនៅទ្បើយ។
ជនរងគ្រោះទាំង ២៧ នាក់ ដែលបានស្លាប់ដោយសារលង់ទឹក ក្នុងនោះ ២០ នាក់ជាស្ត្រី និង ៧ នាក់ទៀត ជាបុរស ក្នុងគ្រាដែលអ្នកដំណើរជាង ៥០ នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ។
គួរបញ្ជាក់ដែរថា មូលហេតុដ៏រន្ធត់ និងអកុសលនេះ ត្រូវបានអាជ្ញាធរបញ្ជាក់ថា ទូកដឹកអ្នកដំណើរមួយនេះ បានព្យាយាមបើកជៀសនាវាមួយគ្រឿង ក៏បណ្ដាលឲ្យទៅបុកនឹងជើងសសរស្ពាន ទើបបណ្ដាលឲ្យលិច តែម្ដង៕
មតិយោបល់