ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ក្រសួងបរិស្ថាន ព្រមានចាត់វិធានការក្ដៅ ចំពោះម្ចាស់រោងចក្រ សហគ្រាស និងសិប្បកម្ម បញ្ចេញសំណល់បំពុល

ភ្នំពេញៈ ក្រសួងបរិស្ថាន បានប្រកាសធ្វើការព្រមាន ដោយចាត់វិធានការតាមផ្លូវច្បាប់ និងពិន័យអន្តរការណ៍ជាប្រាក់ ចំពោះម្ចាស់រោងចក្រ សហគ្រាស និងសិប្បកម្មទាំងឡាយណា ដែលបញ្ចេញកាកសំណល់រាវរបស់ខ្លួន ខុសលក្ខណៈបច្ចេកទេស បង្កឲ្យពុលដោយផ្ទាល់ ឬប្រយោលទៅដល់បរិស្ថាន និងប្រជាពលរដ្ឋ។

ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីក្រសួងបរិស្ថាន បានពិនិត្យឃើញ មានរោងចក្រមួយចំនួន ជាពិសេសរោងចក្រវាយនភ័ណ្ឌ និងជ្រលក់ពណ៌ រោងចក្របោកគក់ ឬបោះពុម្ភ និងរោចក្រកែច្នៃផលិតផលកសិ-ឧស្សាហកម្ម បានបញ្ចេញសំណល់រាវរបស់ខ្លួន ដោយមិនបានធ្វើប្រព្រឹត្តិកម្មសម្អាត ឬអាងប្រព្រឹត្តិកម្មខ្លះ មិនបានដំណើរការឲ្យជាប់លាប់ និងអាងប្រព្រឹត្តិកម្មខ្លះទៀត មិនមានសមត្ថភាពឆ្លើយតបទៅនឹងបរិមាណសំណល់រាវ ដែលបានបង្កើត និងបញ្ចេញ ។ល។ ដែលជាហេតុបង្កឲ្យមានការពុលដោយផ្ទាល ឬដោយប្រយោលទៅដល់គុណភាពទឹក ដី និងបង្កផលប៉ះពាល់ទៅដល់សុខភាពរបស់ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញប្រភពបំពុល។

នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ដែលចេញផ្សាយនារសៀលថ្ងៃទី២០ ខែកញ្ញនេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួង។

ដោយពិនិត្យឃើញពីស្ថានភាពដ៏មានគ្រោះថ្នាក់ ដែលបណ្ដាលមកពីសកម្មភាពល្មើសច្បាប់ខាងលើ ក្រសួងបរិស្ថាន សូមដាក់ចេញនូវវិធានការចំពោះមុខមួយចំនួនដូចខាងក្រោម៖

១- ចំពោះរោងចក្រ សហគ្រាស និងសិប្បកម្ម ដែលពុំទាន់មានអាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ ត្រូវតែរួសរាន់រៀបចំអាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសមុន និងបង្ហូរចូលទៅក្នុងប្រព័ន្ធលូសាធារណៈ ឬប្រភពទឹកសាធារណៈដ៏ទៃទៀត។

២- ចំពោះរោងចក្រ សហគ្រាស និងសិប្បកម្ម ដែលមានអាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ ប៉ុន្តែអាងប្រព្រឹត្តិកម្មសម្អាតនោះ មិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ឬពុំអាចមានលទ្ធភាពធ្វើការសម្អាតសំណល់រាវឲ្យឆ្លើយតបតាមកម្រិតកំណត់ស្ដង់ដារ ត្រូវតែធ្វើការកែតម្រូវអាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវជាបន្ទាន់ ដោយធ្វើយ៉ាងណាដើម្បីធានាឲ្យការបញ្ចេញសំណល់រាវរបស់ខ្លួន មិនបង្កផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ។

៣- ចំពោះរោងចក្រ សហគ្រាស និងសិប្បកម្ម ដែលមានអាងប្រព្រឹត្តិកម្មសម្អាតត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសរួច ត្រូវតែដាក់ឲ្យដំណើរការជាប់ជាប្រចាំ ហើយសំណល់រាវដែលបានធ្វើប្រព្រឹត្តិកម្មសម្អាតរួច ត្រូវតែឆ្លើយតបតាមកម្រិតកំណត់ស្ដង់ដារនៃការបញ្ចេញ។

៤- សំណល់រាវដែលបានធ្វើប្រព្រឹត្តិកម្មសម្អាតរួច ត្រូវបង្ហូរតាមបណ្ដាញលូដាច់ដោយឡែក និងនៅត្រង់ចំណុចបញ្ចេញនៅខាងក្រៅបរិវេណរោងចក្រមុនតភ្ជាប់ទៅប្រព័ន្ធលូសាធារណៈ ឬបញ្ចេញទៅក្នុងប្រភពទឹក ប្រភពសាធារណៈ នៅត្រង់ចំណុចបញ្ចេញនេះត្រូវរៀបចំអណ្ដូងលូ ដែលមានគម្របអាចបិទបើកបានងាយស្រួល ដើម្បីឲ្យភ្នាក់ងារមានសមត្ថកិច្ចចុះធ្វើការត្រួតពិនិត្យ និងងាយយកសំណាកទឹកសម្រាប់ធ្វើការវិភាគ។

៥- ការបញ្ចេញសំណល់រាវក្រោយប្រព្រឹត្តិកម្មសម្អាតរួច ចូលទៅក្នុងប្រព័ន្ធលូ ឬប្រភពទឹកសាធារណៈ ត្រូវមានការអនុញ្ញាតពីក្រសួងបរិស្ថានជាមុន។

និងទី៦- ម្ចាស់ ឬអ្នកទទួលខុសត្រូវប្រភពបំពុលទាំងឡាយណា ដែលខកខានមិនបានអនុវត្តតាមបណ្ដាវិធានការដូចមានចែងក្នុងសេចក្ដីជូនដំណឹងនេះ ឬនិងលិខិតបញ្ជាកែប្រែជាលាយលក្ខណ៍អក្សររបស់ក្រសួងបរិស្ថាន ម្ចាស់ ឬអ្នកទទួលខុសត្រូវប្រភពបំពុលទាំងនោះ នឹងត្រូវទទួលការពិន័យអន្តរការណ៍ជាប្រាក់ ឬ/និង ត្រូវប្រឈមចំពោះមុខច្បាប់ជាធរមាន ដោយអនុលោមតាមទំហំនៃបទល្មើសដែលខ្លួនបានប្រព្រឹត្តជាក់ស្ដែង៕

14359104_745854645553659_8071632198838960186_n14440874_745854652220325_7432626807538159144_npailinwater28-03-15-002pailinwater28-03-15-003pailinwater28-03-15-004

មតិយោបល់