ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

បទយកការណ៍៖ ផ្សាររាត្រីប្រឈមនឹងការបាត់ខ្លួន គ្រាដែលអាជ្ញាធរគ្រោងយកធ្វើជាចំណតរថយន្ត

ភ្នំពេញៈ អស់រយៈពេលប្រមាណជិត១០ឆ្នាំមកហើយ ដែលផ្សាររាត្រី បានចាប់កំណើតឡើង នៅក្នុងរាជធានីបេះដូង នៃព្រះរាជាណាចក្រកម្ពុជា ដែលជាជាតិដ៏វ័យចំណាស់មួយនេះ ហើយក៏បានទាក់ទាញភ្ញៀវទេសចរទូទៅយ៉ាងច្រើនកុះករឲ្យចូលទៅកម្សាន្ត និងអាចទិញវត្ថុអនុស្សាវរីយ៍ផ្សេងៗ ជូនដល់មនុស្សជាទីគោរពស្រឡាញ់របស់ពួកគេ។

ផ្សាររាត្រីរាជធានីភ្នំពេញ ដែលបានចាប់កំណើតឡើងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០០៧ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដែលរហូតមកទល់នឹងពេលបច្ចុប្បន្ន មានតូបសម្រាប់អាជីវករប្រកបមុខរបរប្រចាំថ្ងៃចំនួន១៩៧តូប ដោយភាគច្រើនមានដាក់តាំងលក់ជាផលិតផលសិប្បកម្មធ្វើដោយដៃ ដែលជាស្នាដៃរបស់កូនខ្មែរពិតៗ និងមានតម្លៃសមរម្យ។

ទោះជាយ៉ាងណា ផ្សាររាត្រី ដែលបានក្លាយជាអត្តសញ្ញាណមួយរបស់រាជធានី ហើយត្រូវបានដាក់ឈ្មោះថា ផ្សាររាត្រីរាជធានីភ្នំពេញ នោះ នឹងត្រូវឃ្លាតឆ្ងាយពីភ្ញៀវទេសចរគ្រប់ៗរូប ប្រសិនបើអាជ្ញាធររាជធានីភ្នំពេញ សម្រេចធ្វើការដោះដូរទៅជាសួនច្បារ ឬចំណតរថយន្តកណ្ដាលក្រុង។

ក្រោយទទួលដំណឹងថា អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងដោះដូរផ្សាររាត្រី ទៅជាចំណតរថយន្តហើយនោះ ទាំងភ្ញៀវទេសចរ ប្រជាពលរដ្ឋ និងអាជីវករជាច្រើន បានបង្ហាញទឹកមុខស្រពាប់ស្រពោន ហាក់មិនសូវជាសប្បាយចិត្តនោះឡើយ។ មិនសប្បាយចិត្ត ក៏ព្រោះតែពួកគាត់អាចនឹងលែងមានកន្លែងកម្សាន្តសាធារណៈល្អៗបែបនេះនៅពេលរាត្រី ចំណែកអាជីវករក៏ត្រូវព្រួយបារម្ភ ចំពោះការបញ្ចប់មុខរបរ ហើយឈានដល់ការបាត់បង់ចំណូលសម្រាប់គ្រួសាររបស់ពួកគេផងដែរ។

នាពេលកន្លងមក ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានបញ្ជាឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ធ្វើការរៀបចំ និងកែលម្អសោភ័ណភាពផ្សារឡើងវិញ នៅនឹងកន្លែងរបស់ប្រជាពលរដ្ឋកំពុងលក់ដូរតែម្ដង ហើយមិនអនុញ្ញាតដាច់ខាតឲ្យមានការវិនិយោគដោះដូរទីតាំងផ្សាយនោះទេ។ ក្នុងនោះ សម្ដេចថា អាជ្ញាធរពាក់ព័ន្ធមិនត្រូវយកហេតុផលរៀបចំទីក្រុងឲ្យបានស្អាត ហើយបណ្ដេញប្រជាពលរដ្ឋមិនឲ្យលក់ដូរនោះឡើយ៕

https://youtu.be/IDLSad7lEkg

មតិយោបល់