ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរ និងភេសជ្ជៈនៅតំបន់អង្គរ កំពុងរុះរើជាបន្តបន្ទាប់

ភ្នំពេញ: ក្នុងគោលដៅថែរក្សាការពារ និងលើកកម្ពស់គុណតម្លៃរមណីយដ្ឋាន អង្គរឲ្យស័ក្តិសមជាតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងជាសម្បត្តិបេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរាបានចេញសេចក្តីជូនដំណឹងមួយ ដល់បងប្អូនអាជីវករទាំងអស់ ដែលកំពុងប្រកបអាជីវកម្មលក់ដូរ និងផ្ដល់សេវាកម្មទេសចរណ៍ក្នុងតំបន់អង្គរ ដើម្បីហាមឃាត់មិនឲ្យដាក់តាំង ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទនៅតាមហាង ឬតូបលក់ដូរ និងបានដាក់សំណើមួយទៀតទៅដល់ក្រុមហ៊ុនស្រាបៀរ និងភេសជ្ជ:ទាំងឡាយដែលមានផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មនៅតំបន់អង្គរ ឲ្យមករុះរើផ្ទាំងផ្សព្វផ្សាយរបស់ខ្លួនទាំងអស់ ឧ៌្យបានមុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦នេះ ព្រោះផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មទាំងនេះ បាននឹងកំពុងបង្កផលប៉ះពាល់ដល់ទេសភាពវប្បធម៌ និងបទដ្ឋានបេតិកភណ្ឌ ដែលកំណត់តំបន់អង្គរជាបេតិកភណ្ឌវប្បធម៌ពិភពលោក។

បន្ទាប់ពីបានចេញសេចក្តីជូនដំណឹងមក អាជ្ញាធរជាតិអប្សរាបានសង្កេតឃើញថា មានក្រុមការងារក្រុមហ៊ុនស្រាបៀរ និងភេសជ្ជ:មួយចំនួនកំពុងអនុវត្តនូវខ្លឹមសារសេចក្ដីណែនាំ ដោយយកចេញនូវផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗជាបន្តបន្ទាប់។

ដោយគិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ មានផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មចំនួន៣៥១ផ្ទាំង ត្រូវបានរុះរើចេញពីសំណាក់ក្រុមហ៊ុនមួយចំនួនដូចជា ក្រុមហ៊ុនស្រាបៀរអង្គរចំនួន១៦៨ផ្ទាំង ក្រុមហ៊ុនស្រាបៀកម្ពុជាចំនួន១៣៩ផ្ទាំង ក្រុមហ៊ុនស្រាបៀរលីអូចំនួន១៣ផ្ទាំង និងក្រុមហ៊ុនកូកាកូឡាចំនួន៣១ផ្ទាំង ហើយបច្ចុប្បន្ននេះសកម្មភាពរុះរើក៏កំពុងអនុវត្តជាបន្តបន្ទាប់ផងដែរ។

ដោយឡែកចំពោះ ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មដែលមិនទាន់បានរុះរើត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦នោះទេ អាជ្ញាធរជាតិអប្សរានឹងចាត់វិធានការរដ្ឋបាលដើម្បីរុះរើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មទាំងនោះឧ៌្យអស់ពីតំបន់អង្គរ។

អាជ្ញាធរជាតិអប្សរា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះស្មារតីចូលរួមលើកតម្លៃបេតិកភណ្ឌ ថែរក្សាទេសភាពវប្បធម៌ប្រវត្តិសាស្ត្រ និងបរិស្ថានធម្មជាតិនៃតំបន់ឧទ្យានអង្គរ៕

photo_2016-04-27_05-24-07 photo_2016-04-27_05-24-03 photo_2016-04-27_05-24-09 photo_2016-04-27_05-24-11 photo_2016-04-27_05-24-13 photo_2016-04-27_05-24-15 photo_2016-04-27_05-24-20

មតិយោបល់