ភ្នំពេញ: រហូតមកទល់និងរសៀលថ្ងៃទី២៥កញ្ញានេះ សមត្ថកិច្ចមិនទាន់បង្ហាញគ្រឿងញៀនទាំងអស់ ដែលលាក់ក្នុងខ្លួនជនជាតិអាហ្រ្វិកខាងត្បូងនៅឡើយទេ បន្ទាប់ពីប៉ូលិសកម្ពុជារកឃើញជាជំហានដំបូងថា ៣៦គ្រាប់ត្រូវបានបញ្ចេញមកក្រៅ៕
បើតាមចម្លើយសារភាពរបស់ជនសង្ស័យថា ខ្លួនបានលេបគ្រឿងញៀនជិត ១០០គ្រាប់ ជាប្រភេទកូកាអ៊ីន ដោយរយៈ ពេល២ថ្ងៃ គិតចាប់តាំងពីថ្ងៃទី២៣ដល់រសៀលថ្ងៃទី២៥កញ្ញានេះ ជនសង្ស័យទើបបញ្ចេញគ្រឿងញៀន បានតែ ៣៦គ្រាប់ប៉ុណ្ណោះ ពោលនៅសល់ប្រមាណជាង៦០គ្រាប់ទៀត លាក់ទុកនៅក្នុងខ្លួននៅឡើយ ៕
យោងតាមការចុះផ្សាយនៅថ្ងៃទី២៥កញ្ញានេះ របស់សារព័ត៌មានប៉ូលិស បានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ១០និង៣០នាទីព្រឹក កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយ កម្លាំងនគរបាលអន្ដោប្រវេសន៍ប្រចាំ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ បានឃាត់ខ្លួនបុរស ជនជាតិអាហ្វ្រិកខាងត្បូងម្នាក់ សង្ស័យលេបគ្រឿងញៀន លាក់ក្នុងពោះ ដែលធ្វើដំណើរមកពីប្រទេសប្រេហ្សីល ឆ្លងកាត់ព្រលានយន្ដហោះឌុយបៃ និងបាងកក តាមជើងយន្ដហោះ Bangkok airway លេខ EY402 ។
បន្ទាប់មកសមត្ថកិច្ចក៍នាំខ្លួនជនសង្ស័យទៅស្កេនមើល ជាលទ្ធផលឃើញថា មានដុំសង្ស័យគ្រឿងញៀនមាននៅក្នុង ពោះរបស់ជនសង្ស័យពិតប្រាកដមែន ។ ហើយសមត្ថកិច្ច ក៏បាននាំខ្លួនជននេះ មកកាន់មន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីបើកការស៊ើបអង្កេតបន្ដ និងរងចាំជនសង្ស័យបញ្ចុះគ្រឿងញៀនចេញពីក្នុងពោះ ៕
មតិយោបល់