ភំ្នពេញ: ក្រោយឆែកឆេ ភូមិគ្រិះមួយកន្លែង នៅខណ្ឌជ្រោយចង្វារពាក់ពន្ធ័ការបង្ខាំងមនុស្សខុសច្បាប់ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ សមត្ថកិច្ចបានរកឃើញ សំណុំរឿងសារជាថ្មី ដោយបន្តឆែកឆេ និងសាកសួរទៅលើមនុស្សខ្លះដែលពាក់ពន្ធ័បន្ថែមទៀត។
ស្ថិតនៅតាមបណ្តោយផ្លូវម៉ាស៊ីនទឹក ក្រុមទី៥ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ភា្នក់ងារ Post News បានរាយការណ៍មកថា នៅព្រឹកនេះ សមត្ថកិច្ចកងរាជអាវុធហត្ថ ខណ្ឌជ្រោយចង្វារ ក្រុងភ្នំពេញ រួមនឹងមន្ទីរសង្គមកិច្ច និងអាជ្ញាធរពាក់ពន្ធ័ បានបន្តចុះប្រតិបត្តិការជាថ្មីម្តងទៀត ទៅភូមិគ្រិះមួយកន្លែងក្រោយពីសមត្ថកិច្ចបាន រំដោះក្មេងស្រីជាង១០នាក់ សុទ្ធតែមិនគ្រប់អាយុ ដែលគេបង្ខាំងទុក ឲ្យធ្វើការ កាលពីថ្ងៃម្សិលមិញ។
អាជ្ញាធរបានប្រាប់ Post News ថាទីតាំងនេះ បានដំណើរការយូរមកហើយ ដោយគ្មានច្បាប់អនុញ្ញាតិ ត្រឹមត្រូវ មិនតែប៉ុណ្ណោះ មានចរាចរមនុស្សចេញក្រៅ ថែមទៀតផង ដោយប្រជាពលរដ្ឋ ក្បែរនេះ បានរាយការណ៍មកប្រាប់អាជ្ញាធរ។ លើសពីនេះ អាជ្ញាធរមានសមត្ថកិច្ច ក្រោមបញ្ជាលោកព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានឲ្យចាប់ខ្លួនមនុស្ស២នាក់ ដែលពាក់ពន្ធ័ ព្រមទាំងបិទទីតាំងនោះ ជាបណ្តោះអាសន្ន។
គួររំឭកថា ក្មេងស្រីរងគ្រោះម្នាក់ឈ្មោះ អ៊ាន់ ស្រីភីន អាយុ១៥ឆ្នាំ បានប្រាប់ឲ្យដឹងថា នាងត្រូវបានគេយកមកឲ្យរៀនធ្វើសរសៃ តែនាងថាមិនអាចធ្វើការងារបាន ដូច្នេះហើយ ទើបនាងមិនព្រមធ្វើដោយកាល ដែលទៅយកនាងបានប្រាប់ថា មករៀនធ្វើក្រចកអ៊ុតសក់ទេ ហើយពេលនេះអ្វីៗដែលសន្យា និងឪពុកម្តាយនាងគឺខុសទាំងអស់ដូចនេះហើយ ទើបនាងចង់ត្រឡប់ទៅផ្ទះវិញ តែដោយសារគេមិនព្រមឲ្យទៅទើបនាងបានខលហៅបងស្រី និងម្តាយមីងរបស់ខ្លួនមកយក។
បើតាមការបញ្ជាក់ពីបងស្រីនារីរងគ្រោះបានប្រាប់ថា នៅមុនដំបូង រូបគាត់បានទទួលទូរស័ព្ទពីប្អូនស្រី ហើយរូបខ្លួនក៏សួរទៅប្អូនស្រីថា នៅឯណាពេលនោះ ស្រាប់តែលឺពាក្យថា ឲ្យបិទទូរស័ព្ទទៅ ក្រោយមករូបខ្លួន ក៏បានតេទូរស័ព្ទទៅឪពុកម្តាយដែលនៅឯស្រុកថា ប្អូនស្រីនៅឯណា ពេលនោះ ឪពុកម្ដាយបាននិយាយប្រាប់ថា ប្អូនស្រីកូនឯងគេទៅរៀនធ្វើក្រចកអ៊ុតសក់នៅភ្នំពេញ។ ក្រោយមកបងស្រីក៏បានសួរទៅឪពុកថា តើប្អូនស្រីទៅរៀននៅម្តុំណាដែរ ពេលនោះ ឪពុកក៏បានប្រាប់ទៅបងស្រីថា នៅម្តុំមាត់ទន្លេ ហើយបងស្រីក៏បានទៅដល់ទីនោះ ដើម្បីចាំមើលប្អូនស្រីតាំងពីម៉ោង ១១ព្រឹកមកម្ល៉េះ តែអ្នកគ្រប់គ្រងទីនោះមិនអនុញ្ញាត ទាល់តែហៅអាជ្ញាធរដែនដីមកបានគេឲ្យនាងចេញ។
ប្រភពពីប្អូនស្រីម្ចាស់ហាងខាងលើបាននិយាយថា បងស្រីគាត់ជាអ្នកទៅយកមនុស្សទាំងអស់ពីឪពុកម្តាយនៅឯខេត្តបាត់ដំបងមក ហើយស្រាប់តែមានមនុស្សផ្សេងមិនស្គាល់មុខបានមកយក ដូច្នេះទើបគាត់មិនហ៊ានឱ្យ ព្រោះខ្លាចបាត់ក្មេងស្រីនោះទៅ មិនដឹងទៅរកនៅទីណាទេ ព្រោះអីឪពុកម្តាយគេបានឲ្យបងស្រីខ្ញុំយកពួកគេទាំងមកបង្ហាត់បង្រៀនពីរបៀបស្ប៉ា និងធ្វើក្រចករយៈពេល ៣ខែ ហើយពេលតែរៀនចេះ ទើបគេចេញសញ្ញាបត្ត័ជូន និងឱ្យធ្វើការនៅជាមួយគាត់តែម្តង។
ប្រភពបានបន្តទៀតថា នៅក្នុងរយៈពេលរៀននេះ គឺពួកបានទទួលខែចំនួន ១៧ម៉ឺនរៀល និងបានឱ្យប្រាក់ខ្ចី ០៣ខែមុនទៀត ហើយក្មេងស្រីទាំងនោះ មករៀនដោយស្មគ្រ័ចិត្តដោយគ្មានការបង្ខិតបង្ខំឡើយ ដោយមានការយល់ព្រមពីឪពុកម្តាយ។
ក្រោយមកកម្លាំងអាវុធហត្ថក្រុង ក៏បាននាំក្មេងស្រីរងគ្រោះនោះ ទៅសាកសួរនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ដោយមិនទាន់ដឹងថាជាករណីអ្វីឲ្យពិតប្រាកដនោះទេ តែបើកម្លាំងអាវុធហត្ថស្រាវជ្រាវរកឃើញថា ករណីនេះ គឺជាករណីបង្ខាំងមនុស្ស និងបង្ខំឱ្យធ្វើការមិនទាន់គ្រប់អាយុមែន គឺម្ចាស់ទីតាំងអាច និងជាប់ទោស៕
មតិយោបល់