ព័ត៌មានជាតិ

គ្រូបង្រៀនម្នាក់ និងបក្ខពួក៣នាក់ ធ្វើសញ្ញាបត្រវេជ្ជបណ្ឌិតសេះហោះ ត្រូវតុលាការផ្តន្ទាទោសដាក់គុក៥ឆ្នាំ

ភ្នំពេញៈ លោក ឆែ វីរៈ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦នេះ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសជនសង្ស័យ៤នាក់ ដាក់ពន្ធនាគារក្នុងម្នាក់ៗរយៈពេល៥ឆ្នាំ ដោយអនុវត្តទោសក្នុងពន្ធនាគារត្រឹម២ឆ្នាំ ទោសសល់ត្រូវព្យួរធម្មតា និងចេញដីកាបង្គាប់ឲ្យចាប់ខ្លួនជនជាប់ចោទដែលកំពុងរត់គេចខ្លួន ក្រោមបទចោទប្រកាន់ក្លែងឯកសារសាធារណៈ បទប្រើប្រាស់ឯកសារក្លែង និងបទសមគំនិតក្លែងឯកសារសាធារណៈ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ បទល្មើសដែលមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា៦២៦ មាត្រា៦២៩ មាត្រា៦៣០និងមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ។

បើតាមមន្ត្រីតុលាការ បានឲ្យដឹងថា ជនជាប់ចោទរួមមាន ទី១ឈ្មោះ ជា ប៊ុនធឿន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរគ្រូពេទ្យបង្អែកខេត្តបាត់ដំបង (កំពុងជាប់ឃុំ) ទី២ឈ្មោះ ទុំ យូសែ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរគ្រូបង្រៀនមុខវិជ្ជាគីមី នៃវិទ្យាល័យជាស៊ីមសាមគ្គី (កំពុងជាប់ឃុំ) ទី៣ឈ្មោះ ម៉ម រ៉ា ភេទប្រុស មុខរបរគ្រូបង្រៀនវិទ្យាល័យបឹងត្របែក (កំពុងរត់គេចខ្លួន) ទី៤ឈ្មោះ សំអាង ពិសិដ្ឋ ភេទប្រុស ជាអ្នកជួលជនជាប់ចោទឈ្មោះ ជា ប៊ុនធឿន ឲ្យរត់ការធ្វើសញ្ញាបត្រសេះហោះ ថ្នាក់វេជ្ជបណ្ឌិត ចេញពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

នៅក្នុងសវនាការកាលពីពេលកន្លងទៅ ជនជាប់ចោទឈ្មោះ ជា ប៊ុនធឿន បានសារភាពថា ខ្លួនបានទទួលលុយចំនួន១២០០ដុល្លារ ពីជនជាប់ចោទឈ្មោះ សំអាង ពិសិដ្ឋ ដើម្បីរត់ការធ្វើសញ្ញាបត្រថ្នាក់វិជ្ជបណ្ឌិត ចេញពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ ជនជាប់ចោទបានបន្តថា ក្រោយបានលុយនោះ ខ្លួនបានយកឲ្យជនជាប់ចោទឈ្មោះ ទុំ យូសែ ចំនួន៦០០ដុល្លារ ដើម្បីរត់ការធ្វើ។

ជនជាប់ចោទឈ្មោះ ទុំ យូសែ បានឆ្លើយថា ក្រោយបានលុយនោះ ខ្លួនបានយកទៅពឹងពាក់ជនជាប់ចោទឈ្មោះ ម៉ម រ៉ា ជាមិត្តភក្តិគ្រូបង្រៀនដូចគ្នា ក្រោយមកឈ្មោះ ម៉ម រ៉ា បានធ្វើ និងយកឯកសារសញ្ញាបត្រនោះឲ្យមែន។ ជនជាប់ចោទបញ្ជាក់ថា នៅក្រោយពីយកសញ្ញាបត្រឲ្យឈ្មោះ សំអាង ពិសិដ្ឋ បានទទួលសញ្ញាបត្រនោះ ឈ្មោះនោះបានយកទៅបញ្ជាក់នៅក្រសួងអប់រំ ទើបបែកការថា សញ្ញាបត្រនោះក្លែងក្លាយ និងត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តងទៅ៕

មតិយោបល់