ព័ត៌មានជាតិ

ស្រីមុំ​ ចូលខ្លួនផ្តល់ចម្លើយតាមការកោះហៅរបស់ចៅក្រមស៊ើបសួរ​ ក្នុងសំណុំរឿង​ សួកប៉ាន់សាក្សី​

ភ្នំពេញៈ លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦នេះបានកោះហៅ កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ឲ្យចូលខ្លួនបំភ្លឺ ក្នុងនាមជាសាក្សីនៃសំណុំរឿង សួកប៉ាក់សាក្សី ដែលមានជនជាប់ចោទចំនួន៤រូប ជាមន្ត្រីជាន់ខ្ពស់របស់អង្គការពាសិទ្ធិមនុស្សអាដហុក។

លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម Telegram ថា “លោក ធាម ចន្ទ័ពិសិដ្ឋ បានស្តាប់ចម្លើយកញ្ញា ខុម ចន័្ទតារាទី ជាសាក្សី នៅក្នុងរឿងសូកប៉ាន់សាក្សី ដែលចោទប្រកាន់ទៅលើមន្រ្តីអាដហុក៤រូប”

គួររំឭកថា ជនត្រូវចោទរួមមាន លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និងលោកស្រី លឹម មុនី ត្រូវជាប់ចោទពីបទ សូកប៉ាន់សាក្សី ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែមិនា និងខែមេសា ឆ្នាំ២០១៦ យោងតាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ និងត្រូវបានលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរចេញដីកាសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស កាលពីរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ៕

photo_2016-10-05_15-28-48

មតិយោបល់