ភ្នំពេញៈ ខណៈវិស័យសម្ដែងកាន់តែមានការរីកចំរើនក្នុងស្រុក តារាសម្ដែងល្បីឈ្មោះកញ្ញាពៅ លីដា ក៏ត្រូវបានទីផ្សារក្រៅប្រទេសអញ្ជើញឲ្យចេញសម្ដែងផងដែរ។ នាងបានចាកចេញពីប្រទេសកម្ពុជាកាលពីវេលាម៉ោងប្រមាណជា៨យប់ថ្ងៃទី២៦ កញ្ញានេះ អមដោយតារាចម្រៀងអ្នកនាងអឿន ស្រីមុំ ចេញទៅសម្ដែងនៅសហរដ្ឋអាមេរិក។
កញ្ញា ពៅ លីដា បញ្ជាក់ថានេះជាការចេញសម្ដែងលើកទី១របស់នាងនៅលើទឹកដីអាមេរិក ប៉ុន្តែសម្រាប់ការសម្ដែងនៅតាមបណ្ដាប្រទេសធំរួមមានអូស្រ្តាលីជាដើមនោះ គឺជាលើកទី៣ទី៤ហើយសម្រាប់នាង។ ការចេញសម្ដែងរបស់នាងក៏ត្រូវចំឱកាសបុណ្យភ្ជុំតែម្ដង ទើបធ្វើឲ្យតារាស្រីរូបនេះ និងអឿន ស្រីមុំ មានការរំពឹងយ៉ាងខ្លាំងថានឹងទទួលជោគជ័យខ្លាំង។ កញ្ញាថាខ្លួនចេញទៅកាន់សហរដ្ឋអាមេរិកចំនួន២ខែកន្លះ ហើយមិនមានគម្រោងពន្យារពេលទទួលសម្ដែងនោះទេ ដោយសារតែកញ្ញាក៏មានកុងត្រាត្រូវសម្ដែងភាពយន្តឲ្យបណ្ដាទូរទស្សន៍នៅចុងឆ្នាំ២០១៦នោះច្រើន។ ពៅ លីដា មុនឡើងយន្តចេញដំណើរនាងបានហ្វឹកហាត់បទចម្រៀងប្រភេទរាំវង់ រាំក្បាច់ និងបទប្រភេទបុរាណច្រើនដើម្បីកំដរការសប្បាយរបស់បងប្អូនខ្មែរនៅលើទឹកដីអាមេរិក។
ពៅ លីដា ត្រូវគេឃើញលត់ជង្គង់អរគុណម្ដាយនៅចំពោះមុខមហាជន និងអ្នកសារព័ត៌មាន ក្នុងពេលដែលការចេញដំណើររបស់នាង ក្រៅពីមានប្អូនប្រុស និងគ្រួសារជូនដំណើរ ក៏មានតារាល្បីៗមួយចំនួនជូនដំណើរផងដែរ។ នាងបានបង្ហាញអារម្មណ៍ចង់អួលដើមករនៅពេលបែកឆ្ងាយពីម្ដាយរហូតដល់២ខែកន្លះនៅលើទឹកដីអាមេរិក ក្នុងពេលដែលនាង និងម្ដាយ ព្រមទាំងប្អូនប្រុសរមែងទៅណាមកណាជាមួយគ្នាមិនដែលឃ្លាតគ្នាមួយជំហាន៕
មតិយោបល់