ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មេធាវីម្នាក់ អាចនឹងត្រូវចាប់ខ្លួន ប្រសិន ACU រកឃើញពាក់ព័ន្ធអំពើពុករលួយ

ភ្នំពេញៈ មេធាវីម្នាក់ នឹងត្រូវអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ខ្លួន ប្រសិនបើរកឃើញថា ជាប់ពាក់ព័ន្ធនឹងករណីរត់ការ ពោល គឺពាក់ព័ន្ធអំពើពុករលួយ។ នៅថ្ងៃសុក្រ សប្ដាហ៍ក្រោយនេះ មេធាវីម្នាក់ ដែលជាសមាជិករបស់គណៈមេធាវីកម្ពុជា ត្រូវ ACU តម្រូវឲ្យចូលខ្លួនបំភ្លឺជុំវិញករណីរត់ការ។

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ថ្លែងថា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦នេះ ACU បានចេញលិខិតចំហរមួយច្បាប់ ដោយបានកោះហៅលោក មេធាវី ឈី សម្បត្តិ ឲ្យខ្លួនបំភ្លឺនៅថ្ងៃទី២១ ខែតុលាខាងមុខ ពាក់ព័ន្ធករណីរត់ការ។

បើតាមលោក ឱម យ៉ិនទៀង ប្រាប់ Post News នៅព្រឹកថ្ងៃសុក្រនេះថា «រឿងរត់ការ ខ្ញុំអាចនិយាយបានប៉ុណ្ណឹង! យើងទុកពេលឲ្យគេចូលមកស្ដាប់ចម្លើយ!… រឿងនឹងមិនទៀងទេ»

លោក ប៊ុន ហុន ប្រធានគណៈមេធាវីកម្ពុជា ឲ្យដឹងតាមទូរស័ព្ទថា លោកមិនទាន់ទទួលបានដំណឹងពីការកោះហៅមេធាវី ឈី សម្បត្តិ ឲ្យចូលខ្លួនបំភ្លឺនៅឡើយទេ។ ទោះយ៉ាងណា លោកថា មេធាវីគ្រាន់តែអ្នកធ្វើការការពារឲ្យកូនក្ដីប៉ុណ្ណោះ ប៉ុន្តែបើមេធាវីរូបណាហ៊ានរត់ការសូកប៉ាន់ជាលក្ខណៈអន្តរការីឲ្យកូនក្ដីជាមួយសមត្ថកិច្ចនោះ គឺជាអំពើខុសច្បាប់។

លោក ប៊ុន ហ៊ុន៖ «ដូចខ្ញុំបានជម្រាបជាទូទៅហើយថា មេធាវីគ្រាន់តែជាអ្នកធ្វើការការពារតំណាងរឿងក្ដី តំណាងឲ្យអតិថិជនទៅតាមផ្លូវច្បាប់ មិនមែនជាអ្នកធ្វើការ រត់ការសូកប៉ាន់ ក្នុងលក្ខណៈជាអន្តរការីឲ្យកូនក្ដីជាមួយនឹងស្ថាប័នសមត្ថកិច្ចទេ មិនមែនទេ។ បើព្រោះកាលណា ធ្វើចឹងជាអំពើខុសច្បាប់ ខណៈច្បាប់លក្ខន្តិកៈមេធាវី ក៏ហាមឃាត់ ក្រមសីលធម៌មេធាវី ក៏ហាមឃាត់ ហើយវាក៏ត្រូវទទួលទណ្ឌកម្មព្រហ្មទណ្ឌតាមច្បាប់ជាធរមានដែរ»

គួរជម្រាបថា លោកមេធាវី ឈី សម្បត្តិ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦កន្លងទៅ បានឈរឈ្មោះជាបេក្ខជនមួយរូបក្នុងចំណោមបេក្ខជន៤រូប ដែលត្រូវបោះឆ្នោតជាប្រធានគណៈមេធាវីកម្ពុជា សម្រាប់អាណត្តិទី១១នៅពេលខាងមុខ៕

bon-hun-vs-om-yintieng

មតិយោបល់