ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

លោក ហ៊ុន ម៉ាណែត ថា គ្មានអ្វីរាំស្ទះដំណើរទស្សកិច្ចរបស់ខ្លួនឡើយ!

ភ្នំពេញៈ ក្រោយបញ្ចប់ដំណើរទស្សកិច្ចអស់រយៈពេលជិតកន្លះខែនៅបរទេស លោក ហ៊ុន ម៉ាណែត បានអញ្ជើញត្រឡប់មកដល់មាតុប្រទេសវិញហើយ នាព្រឹកថ្ងៃទី១៩ ខែតុលានេះ។

ក្នុងសន្និសីទសារព័ត៌មាន នាអាកាសយាន្ដដ្ឋានអន្តរជាតិភ្នំពេញ ក្រោយពេលចុះពីយន្តហោះ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងនាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ដំណើរទស្សកិច្ចរយៈពេល១៣ថ្ងៃ ទៅកាន់ប្រទេសអូស្ត្រាលី និងណូវែហ្សែឡង់ គ្មានបញ្ហាអ្វីបង្កការរាំងស្ទះដល់ដំណើររបស់ខ្លួនឡើយ បើទោះជាមានប្រជាពលរដ្ឋខ្មែរ នៅក្រៅប្រទេសមួយចំនួនបានធ្វើបាតុកម្ម ប្រឆាំងចំពោះដំណើរទស្សកិច្ចរបស់លោក។

លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងនាមជាខ្មែរមួយរូប លោកមានមោទនភាពចំពោះប្រជាពលរដ្ឋដែលរស់នៅក្រៅប្រទេស ចំពោះភាពជោគជ័យ និងនាំមកនូវកិត្តិយសជាតិ។ លោកថា “ខ្មែរយើងបានចាកចេញពីប្រទេស ដោយលំបាកដោយសារសង្គ្រាម ប៉ុន្តែពេលនេះ ប្រជាពលរដ្ឋមានលទ្ធភាពកសាងជីវភាព និងអនាគតបានល្អប្រសើរ ប៉ុន្តែទោះបីខ្មែរ ទៅដល់ទីណា ក៏នៅតែជាខ្មែរ នៅតែមានអត្តសញ្ញាណជាខ្មែរ។ យើងត្រូវរួបរួមសាមគ្គី ស្រឡាញ់រាប់អានគ្នា និងជួយគ្នាក្នុងនាមជាខ្មែរ តែមួយ”

ជាមួយដំណើរទស្សកិច្ចនេះ លោកបញ្ជាក់ថា ក្រៅពីជំនួបជាមួយប្រជាពលរដ្ឋជាង២០០០នាក់នោះ លោកក៏បានជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ នៃប្រទេសទាំងពីរ អូស្ត្រាលី និងណូវែហ្សេឡង់ លើការងារមួយចំនួន ដូចជា ជំរុញ និងស្វែងរកការវិនិយោគបន្ថែមពីបរទេសមកកម្ពុជា ស្នើឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរ បង្កើនចំនួនអាហារូបករណ៍ដល់និស្សិត ព្រមទាំងជំរុញឲ្យវិនិយោគិននាំយកផលិតផលខ្មែរ ទៅលក់នៅក្រៅប្រទេសជាដើម។

ក្នុងនោះដែរ លោក ហ៊ុន ម៉ាណែត ក៏បានលើកឡើងអំពីបញ្ហាដីធ្លី បញ្ហាព្រំដែន បញ្ហាអន្តោប្រវេសន៍ខុសច្បាប់ បញ្ហាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជា ជម្រាបដល់មន្ត្រីរដ្ឋាភិបាលប្រទេសទាំងពីរ និងបងប្អូនប្រជាពលរដ្ឋខ្មែរ ដោយលោកគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់ចំពោះបញ្ហាព្រំដែននៅលើដី គឺការដោះស្រាយបញ្ហាផែនទីតាមទិដ្ឋភាពច្បាប់។ ចំណែកបញ្ហាមនុស្ស គឺជនអន្តោប្រវេសន៍ រាជរដ្ឋាភិបាលបានបង្កើតស្ថាប័ន គឺបង្កើតអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីធ្វើការលើរឿងនេះ។ លើសពីនេះ រាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ បង្កើនសេដ្ឋកិច្ចជាតិ ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅក្នុងជីវភាពធូរធារ។ លោកបានសង្កត់ធ្ងន់ថា យើងត្រូវដោះស្រាយ ការពារព្រំដែនខ្មែរ ដើម្បីប្រជាជនខ្មែរ និងកូនចៅជំនាន់ក្រោយៗ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរយៈ១៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៩ ខែតុលានេះ លោក ហ៊ុន ម៉ាណែត និងគណៈប្រតិភូក្រុមការងារ បានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ នៅទីនោះ និងមន្ត្រីជាន់ខ្ពស់ នៃប្រទេសអូស្ត្រាលី និងណូវែហ្សេឡង់។

ក្រៅពីជួបជាមួយសមាជិកសភា សមាជិកព្រឹទ្ធសភា រដ្ឋមន្ត្រីរបស់រដ្ឋាភិបាល និស្សិត ពាណិជ្ជករ និងជួបជុំពិសាអាហារសាមគ្គីមហាគ្រួសារខ្មែរ លោក ហ៊ុន ម៉ាណែត ក៏បានឆ្លៀតពេលដ៏មមាញឹកចូលថ្វាយបង្គំព្រះសង្ឃ និងសួរសុខទុក្ខបងបងប្អូន ប្រជាពុទ្ធបរិស័ទ្ធខ្មែរ បានចំនួន៣វត្តផងដែរ (មួយវត្តនៅអូស្ត្រាលី និង២វត្ត នៅណូវែហ្សេឡង់) ហើយក៏បានចូលបច្ច័យកសាងនៅក្នុងទីអារាមទាំងនោះផងដែរ ក្នុងគោលបំណងលើកស្ទួយវប្បធម៌ជាតិខ្មែរ និងព្រះពុទ្ធសាសនា ដើម្បីថែរក្សាអត្តសញ្ញាណជាតិខ្មែរ នៅក្រៅប្រទេស៕

whatsapp-image-2016-10-19-at-11-21-51-1whatsapp-image-2016-10-19-at-11-21-51whatsapp-image-2016-10-19-at-11-25-16whatsapp-image-2016-10-19-at-11-25-13whatsapp-image-2016-10-19-at-11-25-10-1whatsapp-image-2016-10-19-at-11-25-10whatsapp-image-2016-10-19-at-12-12-09whatsapp-image-2016-10-19-at-11-22-30whatsapp-image-2016-10-19-at-12-26-24whatsapp-image-2016-10-19-at-12-12-07whatsapp-image-2016-10-19-at-11-21-48whatsapp-image-2016-10-19-at-11-21-45whatsapp-image-2016-10-19-at-11-21-41-1whatsapp-image-2016-10-19-at-11-21-48whatsapp-image-2016-10-19-at-11-21-41whatsapp-image-2016-10-19-at-11-21-45-1

មតិយោបល់