ភ្នំពេញៈ តាមសេចក្ដីរាយការណ៍មកថា ខណៈពេលនេះ ឧក្រិដ្ឋជនជាមេខ្លោងគ្រឿងញៀនដ៏ធំម្នាក់ ដែលសម្ងំលាក់ខ្លួននៅរាជធានីភ្នំពេញ ត្រូវសមត្ថកិច្ចបាន និងកំពុងតាមចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់ បន្ទាប់ពីគូកនម្នាក់ ជាជនជាតិចិន ត្រូវបានចាប់ខ្លួន កាលពីយប់មិញ។
មន្ត្រីនគរបាល ក្រសួងមហាផ្ទៃ ប្រាប់ថា ក្រោយប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេតយ៉ាងយកចិត្តទុក ដោយកម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនរបស់ក្រសួង ក្រោមការបញ្ជាផ្ទាល់របស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរង ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ព្រមទាំងប្រធានមន្ទីរប្រឆាំងគ្រឿងញៀន ឧត្តមសេនីយ៍ទោ ខៀវ សាម៉ន ហើយនោះ សមត្ថកិច្ចក្រោមការដឹកនាំពីព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ និងលោក សាន សុធី នាយករងមន្ទីរប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការរហូតឈានដល់ការចាប់ខ្លួនបុរសជនជាតិចិនម្នាក់ ពេញមួយយប់ថ្ងៃទី១៩ ឈានចូលថ្ងៃទី២០ ខែតុលានេះ និងបន្តឆែកឆេរគោលដៅផ្សេងទៀត នៅផ្ទះលេខ៤សេ ផ្លូវ៦១៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។
យ៉ាងណា កម្លាំងជំនាញការិយាល័យក៥ នៃមន្ទីរប្រឆាំងគ្រឿងញៀន ដែលបានបើកប្រតិបត្តិការតាមប្រមាញ់ឧក្រិដ្ឋជនមេក្លោងគ្រឿងញៀនដ៏ធំ តាំងពីយប់មិញនោះ នៅមិនទាន់ទទួលបានលទ្ធផលនៅឡើយទេ គិតត្រឹមរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦នេះ ក្រៅពីឃាត់បានបក្ខពួកជនជាតិចិន និងរឹបអូសគ្រឿងញៀនមួយចំនួនធំ៕
នេះជារូបមេខ្លោងគ្រឿងញៀន
នេះជារូបមេខ្លោងគ្រឿងញៀន




មតិយោបល់