ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់៖ គ្មានទេកិច្ចព្រមព្រៀង ក្នុងការចូលរួមប្រយុទ្ធ នៅទីក្រុង Mosul ជាមួយតួកគី

អ៊ីរ៉ាក់ៈ នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក Haider al-Abadi បានបញ្ជាក់ថា ប្រទេសរបស់លោក ពុំបានចុះកិច្ចព្រមព្រៀង ជាមួយប្រទេសតួកគីអំពីការចូលរួមកងទ័ពរបស់ខ្លួន នៅក្នុងការប្រយុទ្ធ ដើម្បីរំដោះទីក្រុង Mosul របស់អ៊ីរ៉ាក់ពីរដ្ឋអ៊ីស្លាម (IS) នោះទេ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦។

សេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយដោយការិយាល័យលោក Abadi បានឲ្យដឹងថា នាយករដ្ឋមន្ត្រីបានទទួលជួយសំណេះសំណាល ជាមួយលេខាធិការការពារជាតិសហរដ្ឋអាមេរិក លោក Ashton Carter ដែលទើបបានមកដល់ទីក្រុង Baghdad នៅឯការិយាល័យរបស់គាត់ ដោយអ្នកទាំងពីរបានពិភាក្សាគ្នាអំពីការវាយប្រហារប្រឆាំងនឹងពួកសកម្មប្រយុទ្ធ IS នៅទីក្រុង Mosul ។

ក្នុងសេចក្ដីថ្លែងការណ៍នេះ ក៏បានបញ្ជាក់ផងដែរថា ជុំវិញការលើកទ្បើងថា រដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងរវាងអ៊ីរ៉ាក់ និងតួកគី នៅក្នុងការប្រយុទ្ធ ដើម្បីរំដោះទីក្រុង Mosul ចេញពីរដ្ឋអ៊ីស្លាម (IS) នោះ គឺជារឿងមិនពិតទ្បើយ។

លោក Abadi បានថ្លែងថា: «យើងប្រាប់អ្នករាល់គ្នាថា ការប្រយុទ្ធនៅទីក្រុង Mosul នឹងមិនត្រូវបានអនុញ្ញាតឲ្យកងកម្លាំងប្រទេសណាមួយ ដើម្បីចូលរួមអន្តរាគមន៍ទ្បើយ គឺមានតែអ៊ីរ៉ាក់ប៉ុណ្ណោះ»៕

PM Iraq

មតិយោបល់