ព័ត៌មានជាតិ

កម្លាំងនគរបាលស្រុកកោះធំ ចុះ​បង្រ្កាបល្បែងកន្ទុយ​លេខ ឃាត់ខ្លួនមនុស្ស៣នាក់

កណ្ដាល: សមត្ថកិច្ចនគរបាលជំនាញស្រុកកោះធំ សហការជាមួយនគរបាលប៉ុស្ដិ៍រដ្ឋបាលពោធិ៍បាន ក្រោយការដឹកនាំលោករវសេនីយ៍ ឈឿន ប៊ុនឆន អធិការស្រុកកោះធំ កាលពីវេលាម៉ោង១៖៥០នាទីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ បានចុះបង្ក្រាបល្បែងស៊ីសងកត់កន្ទុយលេខ នៅចំណុចផ្ទះឈ្មោះ អ៊ុ ថារី ភូមិព្រែកហង់ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល ជាលទ្ធផលកម្លាំងបានឃាត់ខ្លួនមនុស្ស៣នាក់។

អធិការស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់នោះ ទី១.ឈ្មោះ ហេង ស៊ីណា ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កត់កន្ទុយលេខ មានទីលំនៅ ភូមិឃុំកើតហេតុខាងលើ។ ទី២.ឈ្មោះ ហេង ស៊ីនឿន ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ ទី៣.ឈ្មោះ ផាន គឿន ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កត់កន្ទុយលេខ មានទីលំនៅភូមិកណ្ដាលកោះធំ ឃុំកោះធំ”ក” ស្រុកកោះធំ។

អធិការស្រុកកោះធំបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ សមត្ថកិច្ចនគរបាលជំនាញស្រុកកោះធំ សហការជាមួយនគរបាលប៉ុស្ដិ៍រដ្ឋបាលពោធិ៍បាន បានចុះបង្ក្រាបមុខសញ្ញាលេងល្បែងស៊ីសងកត់កន្ទុយលេខនៅគោលដៅទី១ ចំណុចភូមិព្រែកហង់ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល។ កម្លាំងជំនាញបានឃាត់ខ្លួនមនុស្ស២នាក់បងប្អូនកំពុងតែកត់កន្ទុយលេខ ទី១.ឈ្មោះ ហេង ស៊ីណា ភេទស្រី ទី២.ឈ្មោះ ហេង ស៊ីនឿន ភេទស្រី ព្រមទាំងដកហូតវត្ថុតាងរួមមាន ៖ -សៀវភៅកត់កន្ទុយលេខ(មានលេខ)៣ក្បាល -ក្រដាសកត់កន្ទុយលេខ(មានលេខ)៤សន្លឹក -ប្រាក់រៀលចំនួន ៨៥.០០០រៀល -ទូរសព្ទចល័ត២គ្រឿង -កាបូបស្ពាយ០១ និងប៊ិច ១ដើម។

បន្តិចក្រោយមក សមត្ថកិច្ចជំនាញបានបន្តបង្ក្រាបគោលដៅទី២ ស្ថិតនៅចំណុចភូមិកណ្ដាលកោះធំ ឃុំកោះធំ”ក” ស្រុកកោះធំ ខេត្តកណ្ដាល កម្លាំងជំនាញបានឃាត់ខ្លួនមនុស្សម្នាក់ទៀតកំពុងកត់កន្ទុយលេខ គឺឈ្មោះ ផាន គឿន ភេទស្រី អាយុ៣១ឆ្នាំ ព្រមទាំងដកវត្ថតាងរួមមាន ៖ -ក្រដាសកត់កន្ទុយលេខ(មានលេខ)២សន្លឹក និងចុងសន្លឹកកន្ទុយលេខមួយចំនួន -ប្រាក់រៀល១៥៦.០០០រៀល -ប៊ិច០២ដើម -ទូរសព្ទចល័ត១គ្រឿងផងដែរ។

លោកអធិការស្រុកកោះធំបានបញ្ជាក់បន្ថែមថា កម្លាំងនគរបាលស្រុកកោះធំ នឹងបន្តដុតដៃដុតជើង ដើម្បីបង្ក្រាបល្បែងស៊ីសងឲ្យអស់ ពិសេសល្បែងកត់កន្ទុយលេខក្នុងមូលដ្ឋានរបស់ខ្លួន។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមជាមួយវត្ថុតាងដូចខាងលើ ត្រូវបានកម្លាំងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕

photo_2016-10-23_08-34-43

photo_2016-10-23_08-34-38

photo_2016-10-23_08-34-40

photo_2016-10-23_08-34-41

photo_2016-10-23_08-34-42

មតិយោបល់