ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

នៅអ៊ីរ៉ាក់ជនស៊ីវិលជាង ១០.៥០០ នាក់ កំពុងរត់ភៀសខ្លួនចេញពីទីក្រុង Mosul ដោយសារភាពភ័យខ្លាច

UN: ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់សម្របសម្រួលកិច្ចការមនុស្ស (OCHA) បានរាយការណ៍ថា មនុស្សជាង ១០.៥០០ នាក់ បានរត់ភៀសខ្លួនចេញពីទីក្រុង Mosul ក្រោយកងកម្លាំងរដ្ឋាភិបាល បើកការវាយប្រហារដណ្ដើមតំបន់មកកាន់កាប់វិញ ពីពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦។

លោក Stephane Dujarric អ្នកនាំពាក្យរបស់ UN បានថ្លែងថា «ភាគច្រើននៃអ្នកភៀសខ្លួនទាំងនោះ ត្រូវបានផ្តល់ទីជម្រកនៅក្នុងសហគមន៍ ខណៈអ្នកផ្សេងទៀត ត្រូវបានផ្តល់ទីជម្រកនៅជំរុំភៀសខ្លួនចំនួនបី នៅខាងក្រៅនៃទីក្រុង Mosul»។

យ៉ាងណាមិញលោកក៏បានបញ្ជាក់ដែរថា ផ្សែងប្រេង និងស្ពាន់ធ័រឌីអុកស៊ីតចេញពីភ្លើងឆេះព្រៃ នៅជិតតំបន់ al-Qayyarah កំពុងបន្តបង្កឲ្យមានហានិភ័យសុខភាព សម្រាប់បជនស៊ីវិលនៅក្នុងតំបន់នេះផងដែរ។

គួរបញ្ជាក់ដែរថា កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ បានកាន់កាប់ឡើងវិញនូវភូមិជាច្រើន កាលពីថ្ងៃអង្គារ ក្រោយប្រតិបត្តិការវាយរំដោះតំបន់កាន់កាប់ ដោយពួកសកម្មប្រយុទ្ធ IS ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ១៧ ខែតុលាកន្លងទៅ៕

iraqi-people-displaced

មតិយោបល់