ឥណ្ឌូនេស៊ី: ទីភ្នាក់ងារស្វែងរកនិងជួយសង្គ្រោះរបស់ឥណ្ឌូនេស៊ី កាលពីថ្ងៃអង្គារ បានឱ្យដឹងថាសាកសព ចំនួន៤ត្រូវបានរកឃើញពីគំនរបាក់បែកនៃយន្តហោះដឹកទំនិញមួយ ដែលបានបាត់ខ្លួន កាlពីថ្ងៃច័ន្ទ នៅតំបន់ភ្នំនៃខេត្ត Papua ប្រទេសឥណ្ឌូនេស៊ី។ នេះបើតាមរយៈ សារព័ត៌ចិនស៊ិនហួ ចេញថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦។
ប្រធានទីភ្នាក់ងារស្វែងរក និងសង្គ្រោះជាតិលោក Henry Bambang Soelistyoបានឱ្យដឹងនៅថ្ងៃអង្គារនេះថា បំណែកយន្តហោះនេះត្រូវបានគេរកឃើញនៅលើដី ដែលមានរយៈកម្ពស់ ១២.០០០ ហ្វីតប្រហែល (៣.៦៦០ ម៉ែត្រ) នៅតំបន់Jayawijaya ដែលមានមនុស្សបួននាក់ នៅលើយន្តហោះ ក្នុងនោះមានអ្នកបើកយន្តហោះទាំងពីរផងដែរ។
លោក Soelistyo បាននិយាយបន្តទៀតថា អាជ្ញាធរកំពុងធ្វើការដើម្បីកំណត់អត្តសញ្ញាណសាកសព និងខិតខំប្រឹងប្រែងស្វែងរកអ្នកបាត់ខ្លួនជាបន្តទៀត ទោះបីមានការរំខានដោយអាកាសធាតុមិនល្អក៏ដោយ។
សូមបញ្ជាក់ថា តំបន់ជាច្រើននៃខេត្ត Papua ភាគខាងកើតប្រទេសឥណ្ឌូនេស៊ី សម្បូរទៅដោយប្រជុំកោះ ដែលគ្របដណ្តប់ទៅដោយភ្នំខ្ពស់ និងព្រៃក្រាស់ៗ ដែលបង្កឲ្យយន្តហោះមួយចំនួន បានធ្លាក់នៅទីនោះ ហើយមិនត្រូវបានរកឃើញមកដល់ពេលបច្ចុប្បន្ន៕
មតិយោបល់