ព័ត៌មានអន្តរជាតិ

មេដឹកនាំរដ្ឋអ៊ិស្លាមដ៏ធំពីររូប ប្រចាំហ្វីលីពីន កំពុងរងរបួសធ្ងន់ អាចនឹងស្លាប់ បន្ទាប់ពីការវាយប្រហារផ្លូវអាកាសរបស់កងកម្លាំងយោធា

ហ្វីលីពីន: មន្ត្រីយោធាជាន់ខ្ពស់ហ្វីលីពីនម្នាក់ កាលពីថ្ងៃអាទិត្យ បាននិយាយថា កងកម្លាំងទាហាន បានសម្លាប់សមាជិកពួកសកម្មប្រយុទ្ធ ១៥ នាក់ និងមេដឹកនាំរបស់ពួកគេពីរនាក់ កំពុងរងរបួសធ្ងន់ ដែលគេជឿថា ជាអ្នកតំណាងរដ្ឋអ៊ិស្លាម នៅក្នុងប្រទេសនេះ បន្ទាប់ពីការវាយប្រហារផ្លូវអាកាស និងកាំភ្លើងធំ នៅភាគខាងត្បូងខេត្តមួយ ក្នុងប្រទេស។ នេះបើយោតាមរយ: សារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧។

ប្រធានមន្ត្រីយោធាលោក Eduardo Ano បានប្រាប់អ្នកកាសែតថា លោក Isnilon Hapilon ដែលគេស្គាល់ថា Abu Abdullah និងមេដឹកនាំម្នាក់ នៃក្រុមសកម្មប្រយុទ្ធហ្វីលីពីន Abu Sayyaf ត្រូវបានគេសន្និដ្ឋានថា អាចនឹងស្លាប់ ខណ:ដែលលោក ត្រូវការព្យាបាលផ្នែកវេជ្ជសាស្រ្តជាបន្ទាន់ បន្ទាប់ពីទទួលរងរបួសធ្ងន់ ក្រោយការវាយប្រហារ។

លោក Ano បានថ្លែងថា «មេដឹកនាំរូបនោះ ត្រូវការបញ្ចូលឈាម ហេតុដូចនេះ បើគ្មានការព្យាបាលវេជ្ជសាស្រ្តបានត្រឹមនោះទេ គាត់អាចស្លាប់»។

កងកម្លាំងរបស់ប្រទេសហ្វីលីពីន កាលពីថ្ងៃព្រហស្បតិ៍ បានទម្លាក់គ្រាប់បែក និងបាញ់គ្រាប់ផ្លោង នៅទីតាំងរបស់ ក្រុមឧទ្ទាមលើភ្នំ Lanao del Sur នៅក្នុងប្រតិបត្តិការវាយកម្ទេចក្រុមភារវករ។ វាជាទីតាំងដ៏រឹងមាំមួយនៃក្រុមឧទ្ទាម Maute ដែលបានសន្យាថាមានភក្ដីភាពចំពោះរដ្ឋអ៊ីស្លាម។

គួរបញ្ជាក់ដែរថា ប្រធានាធិបតីលោក Rodrigo Duterte បានមានប្រសាសន៍កាលពីថ្ងៃសុក្រថា លោកនឹងផ្តាច់ជ្ញា វាយកម្ទេចក្រុមភារវករទាំងអស់នេះ និងព្រមានធ្វើសង្គ្រាមជាមួយក្រុមទាំងនេះ ទោះបីជនស៊ីវិលគ្រោះថ្នាក់ ក្នុងហេតុការនេះក៏ដោយ៕

មតិយោបល់