សៀមរាបៈ ថ្លែងទៅកាន់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអ្នកចូលរួមប្រមាណជាង៤ពាន់នាក់ ក្នុងពិធិបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៦ – ២០១៧ នៅក្រុងសៀមរាប លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងប្រទេសមួយអាចមានគម្លាតគ្នាខ្លះ ប៉ុន្តែខួរក្បាលរបស់មនុស្សមិនមានគម្លាតគ្នានោះទេ ឲ្យតែមានឱកាសរៀនសូត្រ។ ក្នុងន័យនេះ លោកចង់បញ្ជាក់ថា ការអប់រំ គឺជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍន៍សង្គម ខណៈដែលកំណែទម្រង់ប្រព័ន្ធអប់រំ បូករួមទាំងគោលនយោបាយរបស់រាជរដ្ឋាភិបាល កំពុងជំរុញជីវភាពប្រជាជនឲ្យប្រសើរឡើង។
លោក ហ៊ុន ម៉ាណែត កូនប្រុសនាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា វាលំបាកណាស់ដែលយើងខិតខំកសាងប្រទេសឡើងវិញ ដោយបាតដៃទទេ ក្រោយសង្គ្រាម ហើយខិតខំអភិវឌ្ឍវិស័យអប់រំដូចសព្វថ្ងៃនេះ។ ក្រោមម្លប់សន្តិភាព រាជរដ្ឋាភិបាលបានកសាងសាលារៀនជាច្រើនដល់មូលដ្ឋាន ដើម្បីឲ្យកូនចៅប្រជាពលរដ្ឋទទួលបានឱកាសរៀនសូត្រ។ លោកបញ្ជាក់ថា របត់របស់សិស្សានុសិស្ស កំណែទម្រង់ប្រព័ន្ធអប់រំ គោលនយោបាយរបស់រាជរដ្ឋាភិបាល បានធ្វើឲ្យសិស្ស និស្សិតកម្ពុជា រៀនឈ្នះសិស្សនិស្សិតជនជាតិដទៃ ដែលនេះគឺជាមោទនភាពនៃវិស័យអប់រំ។
លោក ហ៊ុន ម៉ាណែត ៖ «សេដ្ឋកិច្ចរបស់ប្រទេសមួយអាចមានគម្លាតគ្នា ប៉ុន្តែខួក្បាលរបស់មនុស្សមិនមានគម្លាតគ្នាទេ ឲ្យតែមានឱកាសរៀនសូត្រ។ ហេតុនេះហើយ រាជរដ្ឋាភិបាលបានផ្តល់ឱកាសឲ្យសិស្សនិស្សិតរៀនសូត្រគ្រប់ទីកន្លែង»។
ឆ្លៀតឱកាសនោះដែរ លោកក៏បានផ្តល់ដំបូន្មានល្អៗ ឲ្យសិស្សានុសិស្សគោរពវិន័យ ត្រូវមានគុណធម៌ សីលធម៌ រៀនសូត្រឲ្យបានពូកែ ត្រូវជួយគ្នាទៅវិញទៅមក ជៀសវាងការប្រព្រិត្តិអំពើអបាយមុខផ្សេងៗ ដែលបំផ្លាញខ្លួនឯង គ្រួសារ និងសង្គម ព្រោះរាជរដ្ឋាភិបាលបានស្វែងរកសន្តិភាព ខិតខំកសាងសាលារៀន ឪពុកម្តាយខិតខំចិញ្ចឹមបីបាច់ថែរក្សា លោកគ្រូអ្នកគ្រូខិតខំបង្រៀនអស់ពីកម្លាំង កាយចិត្ត។ ដូច្នេះជោគជ័យមិនជោគជ័យគឺអាស្រ័យលើខ្លួនឯង។
គួរបញ្ជាក់ថា ការលើកឡើងខាងលើនេះ ខណៈលោក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ អញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៦-២០១៧ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអាហារដ្ឋាន១កន្លែង របស់វិទ្យាល័យ ១០មករា ១៩៧៩ ក្រុងសៀមរាប ដោយមានការអញ្ជើញចូលរួមពីលោក វង្ស វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរងនៃខភម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងរងនគរបាលជាតិ និងជាប្រធានគណៈបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៤ ទី៥ លោក ឃឹម ប៊ុនសុង អភិបាលនៃគណ:អភិបាលខេត្តសៀមរាប ព្រមទាំងមន្ត្រីរាជការជុំវិញខេត្តលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សក្នុងវិទ្យាល័យ ១០មករា ១៩៧៩។
លោក ហ៊ុន ម៉ាណែត ក៏បាននាំយកនូវអំណោយសម្តេចតេជោមួយចំនួនទៅឧបត្ថម្ភជូនលោកគ្រូ អ្នកគ្រូ ១៧៣នាក់ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន៥ម៉ឺនរៀល និងសម្លៀកបំពាក់ ២កុំប្លេរ សិស្សានុសិស្ស៤០៥០នាក់ ក្នុងម្នាក់ ទទួលបានសៀវភៅ២ក្បាល ប៊ិច១ដើម និងថវិកា៣ពាន់រៀល លោកគ្រូ អ្នកគ្រូចូលនិវត្តន៍ចំនួន៦នាក់ ម្នាក់ៗទទួលបានម៉ូតូហុងដា១គ្រឿង កាកបាទក្រហមចំនួន២០នាក់ សិស្សកាយរិទ្ធចំនួន២០នាក់ ក្រុមយុវជស.ស.យ.ក ២៥នាក់ យុវជនអ.ម.ត ៥០នាក់ សរុប១១៥នាក់ ម្នាក់ៗទទួលបានថវិកា ១ម៉ឺនរៀល និងបានឧបត្ថម្ភក្នុងកម្មវិធីនូវថវិកា៤លានរៀល៕
មតិយោបល់