UN: អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ លោក Stephane Dujarric កាលពីថ្ងៃពុធ បាននិយាយថា មនុស្សជិត ២១.០០០នាក់ ត្រូវបានជម្លៀសខ្លួនពីលំនៅដ្ឋាន ខណៈដែលប្រតិបត្តិការយោធា កំពុងតែបន្តវាយលុក ដើម្បីដណ្ដើមយកទីក្រុង Mosul មកកាន់កាប់វិញពីពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោក Dujarric បានលើកឡើងនៅការិយាល័យអង្គការសហប្រជាជាតិ សម្រាប់សម្របសម្រួលកិច្ចការមនុស្ស (OCHA) ថា «ពាក់កណ្តាលនៃពួកគេ មានជំរកនៅក្នុងជំរុំ និងពាក់កណ្តាលផ្សេងទៀត គឺនៅក្នុងសហគមន៍» ។
ក្នុងនោះដែរ លោក Dujarric បានឲ្យដឹងទៀតថា ខណៈនេះអង្គការសហប្រជាជាតិ និងដៃគូកំពុងធ្វើការផ្តល់ជំនួយសង្រ្គោះជីវិតជាបន្ទាន់ និងទីជំរកដល់ប្រជាជនទាំងនោះ។
គួរបញ្ជាក់ដែរថា កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ បានកាន់កាប់ឡើងវិញនូវភូមិបន្ថែមទៀតពីរដ្ឋអ៊ីស្លាម (IS) ក្រោយប្រតិបត្តិការវាយរំដោះចាប់តាំងពីពាក់កណ្ដាលខែតុលាមក៕
មតិយោបល់