ចិនៈ ជើងខ្លាំងថតស្វែលហ្វី នៅលើអគារកប់ពពក ក៏ដូចជាទីខ្ពស់ៗ សឹងតែគ្រប់កន្លែងក្នុងទីក្រុងប្រទេសចិន គឺលោក Wu Yong Ning វ័យ២៦ឆ្នាំ បានរអិលធ្លាក់ពីលើដំបូលអាគារកម្ពស់ ៦២ជាន់ ស្លាប់យ៉ាងអាណោចអាធ័ម ខណៈវីដេអូគ្រោះថ្នាក់របស់គាត់ មានអ្នកចូលទស្សនារហូតដល់ ១៥ លានដងឯណ្ណោះ។
មុននឹងការចេញផ្សាយវីដេអូគ្រោះថ្នាក់របស់គាត់នេះ អ្នកគាំទ្រគាត់ជាច្រើននាក់ ក៏ធ្លាប់មានការសង្ស័យថា គាត់អាចនឹងកំពុងតែជួបរឿងមិនល្អ ឬស្លាប់បាត់បង់ជីវិតតែម្ដង បន្ទាប់ពីគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម ដ៏ពេញនិយមរបស់គាត់ ពុំមានចេញវីដេអូ ឬថតរូបភាពសែលហ្វីថ្មីៗ បង្ហោះនោះទេ ចាប់តាំងពីថ្ងៃទី ៨ ខែវិច្ឆិកាកន្លងទៅ។
ពាក់ព័ន្ធនឹងបញ្ហានេះ មិត្តស្រី រួមទាំងសមាជិកគ្រួសារបស់គាត់ បានបញ្ជាក់កាលពីថ្ងៃសុក្រថា លោក Wu ពិតជាបានស្លាប់ប្រាកដមែន តាំងពីមុនខែវិច្ឆិកាមកម្ល៉េះ នៅពេលដែលគាត់ថតឈុតឆាកមួយ នៅលើមជ្ឈមណ្ឌលអន្តរជាតិ Huayuan ក្នុងរដ្ឋធានីឆាងសា នៃខេត្តហ៊ូណាន ភាគកណ្តាលប្រទេសចិន ដោយបានរអិលធ្លាក់ពីលើអគារ ខណៈរូបគាត់ បានព្យាយាមបង្កើតជាវីដេអូឃ្លីប និងរូបភាពដ៏ព្រឺព្រួចនេះ បង្ហោះចែកចាយនៅលើបណ្តាញសង្គម ដើម្បីទាក់ទាញចំណាប់អារម្មណ៍៕
https://www.youtube.com/watch?v=Zq2KSxoVD9c&feature=youtu.be
មតិយោបល់