ម៉ិកស៊ីកូៈ ប្រធានាធិបតីម៉ិកស៊ិក លោក Enrique Pena Nieto បានអបអរសាទរប្រធានាធិបតី ជាប់ឆ្នោតថ្មីរបស់អាមេរិក គឺលោក Donald Trump ដោយបានថ្លែងថា លោកត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការកែលម្អទំនាក់ទំនងទ្វេភាគីជាមួយអាមេរិក។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦។
តាមសេចក្ដីប្រកាសនៅលើ Twitter របស់លោក Pena Nieto បានសរសេរថា ប្រទេសម៉ិកស៊ិក និងសហរដ្ឋអាមេរិក គឺមិត្តភក្តិដៃគូ និងសម្ព័ន្ធមិត្ត ដែលត្រូវតែបន្តធ្វើការដើម្បីបង្កើនការប្រកួតប្រជែង និងការអភិវឌ្ឍដល់អាមេរិកខាងជើង។
លោកបាននិយាយថា « ខ្ញុំជឿថាម៉ិកស៊ិក និងអាមេរិកនឹងបន្តរឹតបន្តឹងចំណងទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការ រួមទាំងការគោរពគ្នាទៅវិញទៅមក»។
ប្រធានាធិបតីថ្មីរបស់អាមេរិក លោក Trump បានផ្តួលគូប្រជែងខ្លួន គឺលោកស្រី Hillary Clinton ខាងគណបក្សប្រជាធិបតេយ្យកាលពីថ្ងៃអង្គារ ដែលធ្វើឲ្យមានការខកចិត្ត សម្រាប់អ្នកព្យាករមួយចំនួន។ លោក Pena Nieto បាននិយាយថា ផ្អែកតាមមូលដ្ឋានជាច្រើន គឺលោកចង់ឲ្យសហរដ្ឋអាមេរិកបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលបានចុះហត្ថលេខាជាមួយប្រទេសកាណាដា និងម៉ិកស៊ិកក្នុងឆ្នាំ ១៩៩៤ ជុំវិញការកសាងជញ្ជាំងនៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។
កាលពីខែសីហា លោក Trump ត្រូវបានប្រធានាធិបតី លោក Enrique Pena Nieto អញ្ជើញជួបប្រជុំគ្នានៅទីក្រុងម៉ិកស៊ិក ដែលនៅពេលនោះ លោក Pena Nieto បានពន្យល់ថា ប្រជាជនរបស់លោកមិនយល់ស្របតាមមតិយោបល់លោក Trump ទេ ហើយលោកក៏សូមបដិសេធចំពោះការបង់ប្រាក់ សម្រាប់ជញ្ជាំងព្រំដែនផងដែរ។
ដូចគ្នានេះផងដែរ កាលពីថ្ងៃពុធរដ្ឋមន្រ្តីការបរទេសម៉ិកស៊ិក លោក Claudia Ruiz Massieu បានបញ្ជាក់យ៉ាងច្បាស់ថា ម៉ិកស៊ិកពិតជាមិនត្រូវបង់ប្រាក់ សម្រាប់ជញ្ជាំងព្រំដែនជាមួយអាមេរិកនោះទេ៕
មតិយោបល់