ឧត្តរមានជ័យៈ សាកសពបុរសជាយោធាម្នាក់ ត្រូវបានក្រុមក្មេងៗដើរបរបាញ់សត្វព្រៃ បានប្រទះឃើញដេកស្លាប់ កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃត្រង់ទី៣០ ខែមេសា ឆ្នាំ២០១៦ នៅចំណុចខាងលិចភូមិសំបូរ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បន្ទាប់ពីបានលែងលះជាមួយប្រពន្ធបាន១ខែរួចមកនោះ។
សមត្ថកិច្ចបានឲ្យដឹងថា សាកសពត្រូវបានគេស្គាល់ឈ្មោះ ស៊ុយ ញាញ់ អាយុ ៣៥ឆ្នាំ មុខរបរ យោធា ឋានៈពលបាលឯក កងពលតូចលេខ ៤១ វរៈ៤១២ គ ឈរជើងនៅភូមិ ស្រែល្អ ឃុំបាក់អន្លូងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
បើតាមសាច់ញាតិបញ្ជាក់ថាជនរងគ្រោះ បានបាត់កាលពីវេលាម៉ោង ០១រំលងអាធ្រាត ថ្ងៃទី២៥ ខែមេសា លុះដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០១៦ វេលាម៉ោង ១២និង៣០នាទី ទើបក្មេងបានប្រទះឃើញ។ បើតាមការសន្និដ្ឋានរបស់នគរបាលជំនាញបានបញ្ជាក់ថា មុនកើតហេតុជនរងគ្រោះបានដើរវង្វេងព្រៃដាច់ទឹកដាច់បាយ ហើយខ្យល់គ ស្លាប់ដោយខ្លួនឯង។
បច្ចុប្បន្នសាកសព ត្រូវបានសមត្ថកិច្ចចំរុះ ប្រគល់ទៅអង្គភាព និងសាច់ញ្ញាតិឪពុកម្តាយបូជានៅនឹងកន្លែង យកឆ្អឹងទៅធ្វើបុណ្យទៅតាមប្រពៃណី។
សាច់ញ្ញាតិសព បានប្រាប់ថាឈ្មោះ ស៊ុយ ញាញ់ បានលែងលះគ្នាជាមួយប្រពន្ធប្រហែលមួយខែហើយអត់មានកូនទេ ប្រពន្ធបន្ទាប់ពីបានលែងលះគ្នារួចហើយក៍ទៅរកសុីនៅស្រុកថៃចុះឡើងៗ ហើយចុងក្រោយគេទើបតែដឹងថាខ្យល់គស្លាប់ពេលត្រឡប់មកផ្ទះ៕
មតិយោបល់