អាមេរិកៈ ព្រលានយន្តហោះ Will Rogers ត្រូវបានគេបិទកាលពីរសៀលថ្ងៃអង្គារ បន្ទាប់ពីមានការបាញ់ប្រហារមួយ ក្បែរស្ថានីយព្រលានយន្តហោះនេះ ស្ថិតនៅទីក្រុងអូក្លាហូម៉ា ក្នុងរដ្ឋអូក្លាហូម៉ា សហរដ្ឋអាមេរិក។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦។
ការបាញ់ប្រហារនេះ បានកើតឡើងជាច្រើននៅកន្លែងចតរថយន្តមួយ នៅខាងក្រៅស្ថានីយមុនម៉ោង ១រសៀល (ម៉ោងក្នុងស្រុក) ដោយមនុស្សម្នាក់ ត្រូវបានគេបាញ់ ហើយខណៈនេះប៉ូលិស កំពុងតែស្វែងរកជនរងគ្រោះផ្សេងទៀត នេះបើយោងតាមប្រភពពីកាសែតក្នុងស្រុកជាភាសាអង់គ្លេស នៃរដ្ឋអូក្លាហូម៉ា។
តាមប៉ូលិសបានបញ្ជាក់ថា ជុំវិញការបាញ់នេះ ពួកគេបានបិទតាមដងផ្លូវ នៅជុំវិញព្រលានយន្តហោះ និងបានស្នើឲ្យប្រជាជនជៀសវាងការចូលទៅកាន់ព្រលានយន្តហោះ ដើម្បីសុវត្ថិភាព។
ក្រុមមន្ត្រីព្រលានយន្តហោះ បាននិយាយថា ការហោះហើរទាំងអស់នៅក្នុង និងក្រៅ ត្រូវបានផ្អាកខណៈដែលប៉ូលិស កំពុងស៊ើបអង្កេតឧប្បត្តិហេតុនេះ។ ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យវេជ្ជសាស្រ្តមួយ ដើម្បីព្យាបាល ហើយស្ថានភាពយ៉ាងណានោះ គឺនៅមិនទាន់ដឹងថាយ៉ាងណាទេ៕
មតិយោបល់