រុស្ស៊ីៈ អ្នកនាំពាក្យរបស់វិមានក្រឹមឡាំង Dmitry Peskov បាននិយាយកាលពីយប់ថ្ងៃព្រហស្បតិ៍ថា ប្រសិនបើអាមេរិក ដាក់ពង្រាយប្រព័ន្ធមីស៊ីល នៅអឺរ៉ុបបន្ទាប់ពីការដកខ្លួនចេញពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម (INF) រុស្ស៊ី នឹងមានគោលដៅបាញ់មីស៊ីល ទៅកាន់ទីតាំងដាក់ទាំងនោះ។ នេះបើយោងសារព័ត៌ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨។
នៅក្នុងបទសម្ភាសន៍មួយ ជាមួយទូរទស្សន៍ Channel One របស់រដ្ឋរុស្ស៊ី អ្នកនាំពាក្យប្រធានាធិបតីរូបនេះ ត្រូវបានគេស្នើឲ្យធ្វើអត្ថាធិប្បាយ ទាក់ទងនឹងពាក្យសម្ដីរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អំពីលទ្ធភាពនៃសង្គ្រាមនុយក្លេអ៊ែរ ក្រោយការដកខ្លួនចេញពីសន្ធិសញ្ញារបស់អាមេរិក។
ខណៈដែលនៅក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំមួយ កាលពីថ្ងៃព្រហស្បតិ៍ លោក ពូទីន បានព្រមានប្រឆាំងចំពោះការធ្វើឲ្យអន់ថយ កម្រិតនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដោយលោកនិយាយថា វានឹងបង្កឲ្យមានគ្រោះមហន្តរាយជាសកល។
លោក Peskov បាននិយាយថា ន័យរបស់ប្រធានាធិបតី គឺថា ការដាក់ពង្រាយប្រព័ន្ធមីស៊ីលទាំងនោះ នៅទ្វីបអឺរ៉ុប និងគោលដៅ ឬសក្តានុពលរបស់ពួកគេ (អាមេរិក) នឹងនាំឲ្យរុស្ស៊ី កំណត់ឃ្លាំងមីស៊ីលរបស់ខ្លួន សម្រាប់តម្រង់គោដៅទៅទីតាំងទាំងនោះ ដើម្បីធ្វើឲ្យមានភាពស្មើគ្នា៕
មតិយោបល់