អ៊ីរ៉ាក់ៈ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បាននិយាយថា ភេរវករ ISIS បានប្រហារជីវិតអតីតប៉ូលិសអ៊ីរ៉ាក់ជាង ៣០០ នាក់ នៅភាគខាងត្បូងទីក្រុង Mosul បន្ទាប់ពីមានការខាតបង់យ៉ាងធ្ងន់ធ្ងរ នៅក្នុងការបន្តប្រយុទ្ធគ្នា ជាមួយកងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
ការប្រហារជីវិតនេះ ត្រូវបានធ្វើឡើងនៅក្បែរទីប្រជុំជន Hammam Al-Alil ដែលទើបរំដោះបានថ្មីៗ កាលបីសប្តាហ៍មុន ហើយសាកសពជនរងគ្រោះ ត្រូវបានគេកប់ក្នុងផ្នូរដ៏ធំនៅទីនោះ។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានលើកឡើងពីសាក្សីម្នាក់ បាននិយាយថា ក្រុមភេរវករ Takfiri បានបើកឡាន ដឹកជនរងគ្រោះទាំងនោះ ដែលគេស្គាល់ថា ជាអតីតប៉ូលិសអ៊ីរ៉ាក់ទៅខាងក្រោយមហាវិទ្យាល័យកសិកម្មមួយ ស្ថិតនៅជិតកន្លែងកប់ខ្មោច បន្ទាប់មកគាត់ (សាក្សី) បានឮការបាញ់កាំភ្លើង និងសម្រែកដ៏ខ្លាំងចេញពីទីតាំង នោះផងដែរ៕
មតិយោបល់